អេភេសូរ 6

6
1ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ 2«ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង 3ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ‌អង្វែង​ទៅ។
4ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់‌រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់‌តឿន​របស់​ព្រះ‌អម្ចាស់​វិញ។
5អ្នក​បំរើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោត‌ខ្លាច​ហើយ​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ជា​ដល់​ព្រះ‌គ្រីស្ទ 6កុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត 7ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះ‌អម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ 8ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី។
9ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហក‌កំហែង​ទៅ ដោយ​ដឹង​ថា ចៅហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។
10ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌ចេស្តា​ទ្រង់ 11ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំ‌មួន ទាស់​នឹង​ឧបាយ‌កល​ទាំង​អម្បាល‌ម៉ាន​របស់​អារក្ស 12ដ្បិត​យើង​រាល់​គ្នា​មិន​មែន​ត‌យុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់‌គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ 13ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំ‌មួន​ដដែល 14ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំ‌មួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង 15ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ‌សាន្ត ទុក​ជា​ស្បែក​ជើង 16ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ‌សារ​ខែល​នោះ​បាន 17ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក នឹង​ដាវ​របស់​ព្រះ‌វិញ្ញាណ​ដែរ គឺ​ជា​ព្រះ‌បន្ទូល 18ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់ 19ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ 20ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី។
21តែ​អ្នក​ទី​ឃីកុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា ហើយ​ជា​អ្នក​ជំនួយ​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​គ្រប់​ការ​ទាំង​អស់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខ្ញុំ​ធ្វើ​អ្វីៗ 22ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ដំណើរ​យើង​ខ្ញុំ ហើយ​ឲ្យ​គាត់​បាន​កំឡា​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ដែរ។
23សូម​ឲ្យ​ពួក​បង​ប្អូន​បាន​ប្រកប​ដោយ​នូវ​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​សេចក្ដី​ជំនឿ អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ 24សូម​ឲ្យ​ព្រះ‌គុណ បាន​សណ្ឋិត​នៅ​ជា​១​នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះ‌ត្រង់។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

អេភេសូរ 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល