អេភេសូរ 1

1
1សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​របស់​ផង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​បំណង​ព្រះ‌ហឫទ័យ​ព្រះ ផ្ញើ​មក​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​អេភេសូរ ជា​ពួក​អ្នក​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ 2សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
3សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់ 4តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ​មក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ស្រឡាញ់ 5ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ 6ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ទ្រង់ 7ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់ 8ដែល​បាន​ផ្តល់​មក​យើង​ជា​បរិបូរ ដោយ​នូវ​ប្រាជ្ញា នឹង​ដំរិះ​សព្វ​គ្រប់ 9ព្រម​ទាំង​សំដែង ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំរេច ក្នុង​ព្រះ‌អង្គ​ទ្រង់ 10សំរាប់​ការ​កាន់‌កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង 11ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ 12ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់ 13ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា 14ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្តិ៍‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្ដី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។
15ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្ដី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា 16នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​វិញ 17ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សិរី‌ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ 18ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា នោះ​មាន​សេចក្ដី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរី‌ល្អ​ដ៏​ប្រសើរ​ក្រៃ‌លែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង 19ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស‌លន់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ 20ជា​ព្រះ‌ចេស្តា​ដែល​ទ្រង់​បាន​សំដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់ 21ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់‌គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ‌បារមី នឹង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ គឺ​ទៅ​ក្នុង​អនាគត​ខាង​មុខ​ទៀត​ផង 22ហើយ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​នៃ​ព្រះ‌រាជ‌បុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើ​ជា​សិរសា​លើ​គ្រប់​ទាំង​អស់ ដល់​ពួក​ជំនុំ ដែល​ជា​រូប‌កាយ​ទ្រង់ 23គឺ​ជា​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

អេភេសូរ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល