សាស្តា 1
1
1ពាក្យទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ដាវីឌ ស្តេចនៅក្រុងយេរូសាឡិម 2«ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេ 3តើមនុស្សមានកំរៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ 4មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប 5ថ្ងៃក៏រះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀត 6ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត 7ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត 8គ្រប់ទាំងអស់ចេះតែជញ្ជាន់ដដែលៗជានិច្ច ទាល់តែមនុស្សរកថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ 9របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ ឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយ 10តើមានអ្វីណាមួយដែលគេអាចនឹងថា មើល នេះជារបស់ថ្មីទេដូច្នេះ គឺសុទ្ធតែបានមាននៅ តាំងពីបុរាណមក ក៏មាននៅអស់ទាំងកល្ប មុនដែលមនុស្សយើងកើតមកផង 11គ្មានអ្នកណានឹកចាំពីអ្វីៗនៅជាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំពីអ្វីៗដែលត្រូវមាននៅខាងមុខដែរ។
12យើង គឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម 13យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទំងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ 14យើងបានឃើញបណ្តាការដែលមានធ្វើនៅក្រោមថ្ងៃ ហើយមើល ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង 15របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ 16យើងបាននឹកក្នុងចិត្តថា មើល យើងបានធំឡើងហើយ មានប្រាជ្ញាលើសអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងបានធ្លាប់ដឹងចំពោះប្រាជ្ញា នឹងដំរិះជាច្រើនហើយ 17យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាអសារឥតការដែរ 18ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចំរើនចំណេះ នោះក៏ចំរើនសេចក្ដីព្រួយឡើងដែរ។
ទើបបានជ្រើសរើសហើយ៖
សាស្តា 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.