ចោទិយ‌កថា 8:1-20

ចោទិយ‌កថា 8:1-20 ពគប

ឯ​អស់​ទាំង​សេចក្ដី​បង្គាប់ ដែល​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​ឲ្យ​ឯង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង​ឲ្យ​ដឹង​ជា​សេចក្ដី​ណា​ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​មក​ដែរ សំលៀក‌បំពាក់​ឯង​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​ឯង​ក៏​មិន​បាន​ពុរពង​នៅ​រវាង​៤០​ឆ្នាំ​នេះ​ផង ក៏​ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​វាយ‌ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ​ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ទ្រង់​ផង។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​នឹង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី នឹង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា នឹង​ទទឹម ហើយ​មាន​ដើម​អូលីវ នឹង​ទឹក​ឃ្មុំ​ផង ជា​ស្រុក​ដែល​ឯង​នឹង​បរិភោគ​អាហារ មិន​មែន​ដោយ​រិត‌ត្បិត​ទេ ឯង​នឹង​មិន​ខ្វះ‌ខាត​អ្វី​នៅ​ស្រុក​នោះ​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ​នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង ឯង​នឹង​បរិភោគ​ទាល់​តែ​ឆ្អែត ហើយ​នឹង​សរសើរ​ដំកើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក។ ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​មិន​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ហើយ​កាល​ណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់​ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូង​គោ ហ្វូង​ចៀម​ចំរើន​ជា​ច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង​ក៏​បាន​បរិបូរ​ផង នោះ​ក្រែង​ចិត្ត​ឯង​បាន​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​រួច​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ឯង​ដើរ​កាត់​ទី​រហោ‌ស្ថាន​សំបើម​គួរ​ស្ញែង‌ខ្លាច ដែល​មាន​ពស់​ភ្លើង នឹង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​យ៉ាង​រឹង​ឲ្យ​ឯង ក៏​បាន​ចិញ្ចឹម​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាន៉ា​ដែល​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង ប្រយោជន៍​នឹង​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​ដល់​ចុង​បំផុត ហើយ​ក្រែង​ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​ដោយ​ឥទ្ធិ‌ឫទ្ធិ ហើយ​នឹង​កំឡាំង​ដៃ​នៃ​អញ​ទេ ដែល​អញ​បាន​ទ្រព្យ​សម្បត្តិទាំង​នេះ ត្រូវ​ឲ្យ​នឹក​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ តែ​បើ​ឯង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​មែន ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នោះ​វិញ នោះ​អញ​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា នឹង​ត្រូវ​វិនាស​ទៅ​អស់​រលីង ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យ​វិនាស​ពី​មុខ​ឯង​ចេញ​នោះ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ។

អាន ចោទិយ‌កថា 8