ចោទិយ‌កថា 14

14
1ឯង​រាល់​គ្នា​ជា​កូន​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ឲ្យ​ឯង​អារ​សាច់ ឬ​កោរ​ចិញ្ចើម ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ 2ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ឯង​ពី​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី ទុក​ជា​សាសន៍​របស់​ផង​ទ្រង់។
3មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​អ្វី​ដែល​គួរ​ខ្ពើម​ឡើយ 4នេះ​ជា​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិភោគ​បាន គឺ​គោ ចៀម ពពែ 5ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយ​ពពែ​ភ្នំ 6ហើយ​គ្រប់​ទាំង​សត្វ​ដែល​មាន​ក្រចក​ឆែក គឺ​ក្រចក​ឆែក​ដាច់​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង ក្នុង​អស់​ទាំង​ពួក​សត្វ​នោះ​នឹង​បរិភោគ​បាន 7ប៉ុន្តែ​ក្នុង​បណ្តា​សត្វ​ដែល​ទំពា‌អៀង ឬ​ដែល​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ពី​ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា 8ហើយ​ជ្រូក​ដែរ ពី​ព្រោះ​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ នោះ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​វា​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង។
9ឯ​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក នោះ​ឯង​នឹង​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​សត្វ​ណា​ដែល​មាន​ព្រុយ ហើយ​មាន​ស្រកា​ផង 10តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ នឹង​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា។
11ឯ​បណ្តា​សត្វ​ហើរ​ដែល​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បរិភោគ​បាន​គ្រប់​យ៉ាង 12តែ​សត្វ​ហើរ​ទាំង​នេះ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ខ្លែង ស្ទាំង ប្រមង់ 13ល្អូត អាត នឹង​ត្មាត​តាម​ពូជ​វា 14គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា 15អូសទ្រិច ខ្លែង‌ស្រាក រំពេ នឹង​អក​តាម​ពូជ​វា 16មៀម គូក ទីទុយ 17ទុង ក្រៀល ស្មោញ 18កុក នឹង​ក្រសារ តាម​ពូជ​វា កំប៉ោយ ហើយ​ជ្រឹង 19នឹង​អស់​ទាំង​សត្វ​ដែល​វារ ហើយ​ហើរ​ផង នោះ​ជា​សត្វ​មិន​ស្អាត​ដល់​ឯង មិន​ត្រូវ​បរិភោគ​ឡើយ 20តែ​គ្រប់​ទាំង​សត្វ​ហើរ ដែល​ស្អាត នោះ​នឹង​បរិភោគ​បាន។
21មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សត្វ​ណា ដែល​ស្លាប់​ដោយ​ខ្លួន​ឯង​ឡើយ ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ដទៃ​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឯង ឲ្យ​គេ​បរិភោគ​បាន ឬ​នឹង​លក់​ឲ្យ​ដល់​សាសន៍​ដទៃ​វិញ​ក៏​បាន។
មិន​ត្រូវ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។
22ត្រូវ​ឲ្យ​ឯង​ហូត​យក​១​ភាគ​ក្នុង​១០ ពី​ផល​ដែល​កើត​ពី​ស្រែ​ចំការ​ឯង រាល់​តែ​ឆ្នាំ ជា​កុំ​ខាន 23រួច​ត្រូវ​បរិភោគ​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ហូត​ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​ពី​កូន​សត្វ​ដែល​កើត​ដំបូង ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ទាំង​ប៉ុន្មាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ ដើម្បី​ឲ្យ​ឯង​ទំលាប់​ឲ្យ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប 24តែ​បើ‌សិន​ជា​ផ្លូវ​នោះ​ឆ្ងាយ ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​នាំ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​ដល់​មិន​បាន ដោយ​ព្រោះ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​រើស​សំរាប់​នឹង​ដាក់​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង ក្នុង​វេលា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ហើយ 25នោះ​ត្រូវ​លក់​របស់​ទាំង​នោះ​យក​ជា​ប្រាក់​វិញ​ចុះ រួច​វេច​ប្រាក់​កាន់​ជាប់​នៅ​ដៃ នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​រើស 26ហើយ​នឹង​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ប្រាថ្នា​បាន ទោះ​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ផឹក​ណា ឬ​របស់​អ្វី​ក៏​ដោយ ដែល​ឯង​គាប់​ចិត្ត រួច​នឹង​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ហើយ​ត្រូវ​អរ​សប្បាយ​ឡើង ព្រម​ទាំង​ពួក​គ្រួ​ឯង​ជា​មួយ​នឹង​ឯង​ផង 27ឯ​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​របស់​ឯង នោះ​មិន​ត្រូវ​លះ​ចោល​គេ​ឡើយ ដ្បិត​គេ​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ឯង​ទេ។
28ដល់​វេលា​ផុត​រាល់​តែ​៣​ឆ្នាំ​ទៅ នោះ​ត្រូវ​ឲ្យ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ដែល​បាន​ហូត​ពី​ផល​កើត​ក្នុង​ឆ្នាំ​នោះ​ឯង ចេញ​មក​ដាក់​ទុក​នៅ​ត្រង់​ទ្វារ​ក្រុង​ឯង​វិញ 29ដូច្នេះ ពួក​លេវី​ដែល​គ្មាន​ចំណែក គ្មាន​មរដក ជា​មួយ​នឹង​ឯង នឹង​ពួក​អ្នក​ដទៃ ព្រម​ទាំង​កូន​កំព្រា នឹង​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង គេ​នឹង​មក​បរិភោគ​ចំអែត ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 14: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល