ចោទិយ‌កថា 12

12
1នេះ​ជា​ច្បាប់ នឹង​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង បាន​ប្រទាន​ឲ្យ​ទទួល​យក រហូត​ដល់​គ្រប់​១​ជីវិត​ដែល​ឯង​រាល់​គ្នា​រស់​នៅ​លើ​ផែនដី 2គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គ្រប់​ទី​កន្លែង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​បណ្តេញ​ចេញ​នោះ​ជា​កុំ​ខាន គឺ​ជា​កន្លែង​ដែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នៅ​លើ​ភ្នំ​ធំ​តូច ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង 3ត្រូវ​រំលំ​អាសនា​គេ ព្រម​ទាំង​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព នឹង​ដុត​អ្នក‌តា​របស់​គេ ក៏​ត្រូវ​កាប់​រំលំ​រូប​ព្រះ​ឆ្លាក់​របស់​គេ ហើយ​រំលាយ​ឈ្មោះ​ព្រះ​ទាំង​នោះ​ពី​ទី​នោះ​ចេញ​ផង 4តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ 5គឺ​ត្រូវ​ឲ្យ​ឯង​សួរ​រក​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​កន្លែង​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន សំរាប់​ជា​កន្លែង​ដាក់​ព្រះ‌នាម​ទ្រង់ ហើយ​ត្រូវ​ឲ្យ​ទៅ​ឯ​ទី​នោះ​វិញ 6ក៏​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ដង្វាយ​លា‌បំណន់ ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត នឹង​កូន​កើត​ដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង ទៅ​ឯ​ទី​នោះ​ដែរ 7ហើយ​នៅ​ទី​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ឯង នឹង​ពួក​គ្រួសារ​ឯង ត្រូវ​អរ​សប្បាយ​ឡើង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​ដែល​ដៃ​ឯង​លូក​ទៅ​ចាប់​យក ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង​ហើយ 8មិន​ត្រូវ​ធ្វើ​ដូច​ជា​យើង​ធ្វើ​នៅ​ទី​នេះ​សព្វ​ថ្ងៃ គឺ​តាម​តែ​គ្រប់​គ្នា​គិត​ឃើញ​ថា​ត្រូវ​នោះ​ទេ 9ដ្បិត​ឯង​រាល់​គ្នា​មិន​ទាន់​បាន​ចូល​ដល់​សេចក្ដី​សំរាក នឹង​មរដក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​នៅ​ឡើយ​ទេ 10តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សំរាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ នឹង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ 11នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង 12ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​អរ​សប្បាយ​ឡើង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​កូន​ប្រុស កូន​ស្រី​ឯង នឹង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​នឹង​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​នៅ​ជា​មួយ​នឹង​ឯង​ទេ 13ចូរ​ប្រយ័ត កុំ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ 14គឺ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​មក។
15ប៉ុន្តែ​ឯង​មាន​ច្បាប់​នឹង​សំឡាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត នឹង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស នឹង​ប្រើស​ដែរ 16ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ 17តែ​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ហូត​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ពី​ប្រេង នឹង​កូន​គោ​កូន​ចៀម​ក្នុង​ហ្វូង​សត្វ​របស់​ឯង​ដែល​កើត​ដំបូង ដង្វាយ​លា‌បំណន់ ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ​ឡើយ 18ឯ​ដង្វាយ​ទាំង​នោះ​ត្រូវ​ឲ្យ​ឯង​បរិភោគ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស‌វិញ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី នឹង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​នឹង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង​ផង ហើយ​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​អ្វី​ដែល​ឯង​លូក​ដៃ​ទៅ​ចាប់​យក​បាន 19ចូរ​ប្រយ័ត កុំ​ឲ្យ​លះ​ចោល​ពួក​លេវី​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត ដែល​ឯង​រស់​នៅ​ក្នុង​ស្រុក​ឯង។
20កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត 21បើ​សិន​ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង​ពេក​នោះ​នឹង​សំឡាប់​គោ​ឬ​ចៀម ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ឯង​បាន ដូច​ជា​អញ​បាន​បង្គាប់​ហើយ ក៏​មាន​ច្បាប់​នឹង​បរិភោគ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​តាម​ចិត្ត​ដែរ 22ឯង​មាន​ច្បាប់​នឹង​បរិភោគ​សាច់​សត្វ​ទាំង​នោះ​បាន ដូច​ជា​បរិភោគ​ឈ្លូស នឹង​ប្រើស​ផង ទោះ​ទាំង​អ្នក​មិន​ស្អាត នឹង​អ្នក​ស្អាត​ក្តី ក៏​នឹង​បរិភោគ​បាន​ដូច​គ្នា 23ចូរ​ប្រយ័ត កុំ​ឲ្យ​តែ​បរិភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ 24មិន​ត្រូវ​ឲ្យ​បរិភោគ​ឈាម​ឲ្យ​សោះ ត្រូវ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ 25គឺ​មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ដោយ​ឯង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា 26ឯ​អស់​ទាំង​ដង្វាយ​បរិសុទ្ធ​ដែល​នៅ​ជា​មួយ​នឹង​ឯង នឹង​ដង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ 27ហើយ​អស់​ទាំង​ដង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ នឹង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន 28ចូរ​ប្រយ័ត នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​នេះ ដែល​អញ​បង្គាប់​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​ទៅ​ជា​ដរាប ដោយ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។
29កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ពី​មុខ​ឯង​ចេញ នៅ​ក្នុង​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​ពី​គេ ហើយ​ឯង​បាន​បណ្តេញ​គេ​អស់​ទៅ ព្រម​ទាំង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​គេ​ផង 30នោះ​ចូរ​ប្រយ័ត​ក្រែង​ត្រូវ​ជាប់​អន្ទាក់ នឹង​បណ្តោយ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​ឯង​ចេញ​ហើយ ឬ​ក្រែង​ឯង​ស៊ើប‌សួរ​តាម​ព្រះ​គេ ដោយ​ពាក្យ​ថា សាសន៍​ទាំង​នេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​គេ​ជា​យ៉ាង​ដូច​ម្តេច អញ​ចង់​ធ្វើ​ដូច​ជា​គេ​ដែរ 31មិន​ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង​ថ្វាយ​ដល់​ព្រះ​គេ​ផង 32អស់​ទាំង​សេចក្ដី​ណា​ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម​បញ្ចូល​អ្វី ឬ​កាត់​ចោល​អ្វី​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 12: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល