ចោទិយកថា 11
11
1ដូច្នេះ ត្រូវឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយរក្សាបញ្ញើទ្រង់ ព្រមទាំងច្បាប់ នឹងបញ្ញត្ត ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានរបស់ទ្រង់ជាដរាបទៅ 2ហើយនៅថ្ងៃនេះ ត្រូវឲ្យឯងរាល់គ្នាដឹងការដែលពួកកូនចៅឯងរាល់គ្នាមិនបានឃើញ ហើយពុំអាចនឹងដឹងបានឡើយ គឺជាការផ្ចាញ់ផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងតេជានុភាពរបស់ទ្រង់ ហើយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុ ដែលលើកសំរេចរបស់ទ្រង់ផង 3ព្រមទាំងទីសំគាល់ នឹងការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅកណ្តាលស្រុកអេស៊ីព្ទ ដល់ទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នឹងស្រុករបស់ទ្រង់ទាំងមូលដែរ 4ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ នឹងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហមហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ 5ព្រមទាំងការដែលទ្រង់បានប្រោសដល់ឯងរាល់គ្នា នៅទីរហោស្ថាន រហូតមកដល់ទីនេះ 6ហើយនឹងការដែលទ្រង់បានធ្វើដល់ដាថាន នឹងអ័ប៊ីរ៉ាមជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងពួកផ្ទះ នឹងត្រសាលរបស់គេ ហើយនឹងគ្រប់ទាំងមនុស្ស ក្នុងពួកសាសន៍អ៊ីស្រាអែលដែលតាមគេនោះផង 7ដ្បិតភ្នែកឯងរាល់គ្នាបានឃើញការដ៏ធំ ដែលព្រះយេហូវ៉ាបានធ្វើទាំងអស់ហើយ 8ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឲ្យឯងរាល់គ្នាបានខ្លាំងពូកែ អាចចូលទៅចាប់យកស្រុក ដែលឯងនឹងឆ្លងទៅយកនោះបាន 9ហើយដើម្បីឲ្យបានជីវិតយូរអង្វែងតទៅនៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានស្បថ នឹងឲ្យដល់ពួកឰយុកោឯង ហើយដល់ពូជគេតរៀងទៅ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ 10ដ្បិតស្រុកដែលឯងចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទ ដែលឯងទើបនឹងចេញមក ជាស្រុកដែលឯងបានសាបព្រោះ រួចបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅច្បារបន្លែនោះទេ 11ឯស្រុកដែលឯងនឹងឆ្លងទៅចាប់យកនេះ គឺជាស្រុកមានភ្នំ មានច្រក ហើយក៏បានស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ 12ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។
13បើសិនជាឯងរាល់គ្នានឹងស្តាប់អស់ពីចិត្ត តាមបង្គាប់អញ ដែលអញប្រាប់នៅថ្ងៃនេះ ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯង 14នោះអញនឹងបង្អុរឲ្យមានភ្លៀងមកលើស្រុកឯងតាមរដូវកាល គឺជាភ្លៀងខាងដើមរដូវ នឹងខាងចុងរដូវ ដើម្បីឲ្យឯងអាចនឹងច្រូតស្រូវឯង ហើយបេះផ្លែទំពាំងបាយជូរ ព្រមទាំងធ្វើប្រេងរបស់ឯងបាន 15អញនឹងឲ្យមានស្មៅនៅវាល សំរាប់ហ្វូងសត្វឯង ហើយខ្លួនឯងក៏នឹងបរិភោគឆ្អែតផង។
16ចូរប្រយ័តចុះ ក្រែងចិត្តឯងរាល់គ្នាត្រូវសេចក្ដីល្បួង ហើយបែរចេញ ទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ 17រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងឯង ហើយទ្រង់បិទផ្ទៃមេឃ មិនឲ្យមានភ្លៀង ឲ្យដីលែងបង្កើតផល នោះឯងរាល់គ្នានឹងត្រូវវិនាសបាត់ចេញ យ៉ាងឆាប់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាប្រទានមកឯង។
18ដូច្នេះ ត្រូវឲ្យរក្សាអស់ទាំងពាក្យអញទាំងនេះទុកនៅក្នុងចិត្ត ក្នុងព្រលឹងឯងចុះ ហើយត្រូវឲ្យចងពាក្យទាំងនេះភ្ជាប់នៅដៃឯងទុកជាទីសំគាល់ នឹងសំរាប់ជាស្លាកនៅកណ្តាលថ្ងាសឯង 19ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង ដោយនិយាយប្រាប់ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង 20ត្រូវឲ្យកត់ពាក្យទាំងនេះនៅក្របទ្វារផ្ទះ ហើយនៅទ្វារកំផែងឯងដែរ 21ដើម្បីអាយុឯង នឹងអាយុកូនចៅឯង បានចំរើនវែងឡើង ដូចជាអស់ទាំងថ្ងៃនៃស្ថានសួគ៌នៅលើផែនដី នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកឰយុកោឯង 22ដ្បិតបើឯងរាល់គ្នានឹងកាន់តាមបញ្ញត្ត ដែលអញបង្គាប់ឯងនេះគ្រប់ជំពូកអស់ពីចិត្ត ព្រមទាំងប្រព្រឹត្តតាមផង ដោយស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវទ្រង់ ហើយនៅជាប់នឹងទ្រង់ 23នោះព្រះយេហូវ៉ាទ្រង់នឹងបណ្តេញអស់ទាំងសាសន៍ទាំងនេះ ពីមុខឯងចេញ ហើយឯងនឹងបានចាប់យកស្រុក របស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង 24គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច 25គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ។
26មើល នៅថ្ងៃនេះ អញដាក់ព្រះពរ ហើយនឹងសេចក្ដីបណ្តាសា សំញែងនៅមុខឯងរាល់គ្នា 27បើឯងស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះនឹងបានពរ 28តែបើមិនស្តាប់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯងទេ គឺបែរចេញពីផ្លូវដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ទៅតាមព្រះដទៃដែលពីដើមមិនបានស្គាល់វិញ នោះឯងនឹងត្រូវបណ្តាសាហើយ។
29កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលឯងត្រូវទៅចាប់យក នោះត្រូវឲ្យប្រកាសប្រាប់ព្រះពរពីលើភ្នំកេរិស៊ីម នឹងសេចក្ដីបណ្តាសាពីលើភ្នំអេបាល 30(ភ្នំទាំង២នោះនៅត្រើយទន្លេយ័រដាន់ខាងនាយ គឺទិសខាងថ្ងៃលិច នាស្រុករបស់ពួកសាសន៍កាណាន ត្រង់ស្រុកវាល ទល់មុខនឹងគីលកាល ជិតដើមម៉ៃសាក់របស់ម៉ូរេ) 31ដ្បិតឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានមក ឯងរាល់គ្នានឹងយកទុកជារបស់ផងឯង ហើយនឹងនៅក្នុងស្រុកនោះផង 32ដូច្នេះ ចូរប្រយ័ត នឹងប្រព្រឹត្តតាមអស់ទាំងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះចុះ។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.