ចោទិយ‌កថា 10

10
1នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ដាប់​ថ្ម​បន្ទះ​២​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​នេះ ត្រូវ​ឲ្យ​ធ្វើ​ហឹប​ឈើ​១​ដែរ 2អញ​នឹង​កត់​ចុះ​នៅ​បន្ទះ​ទាំង​២​នោះ តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​កត់​នៅ​បន្ទះ​ទាំង​២​ពី​ជាន់​មុន ដែល​បាន​បំបែក​ហើយ រួច​ត្រូវ​ដាក់​ទៅ​ក្នុង​ហឹប​នោះ 3ដូច្នេះ​អញ​បាន​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​២​ផ្ទាំង ដូច​ជា​ថ្ម​មុន រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ មាន​ទាំង​ថ្ម​២​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ផង 4នោះ​ទ្រង់​ក៏​កត់​ចុះ​នៅ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​កត់​ពី​លើក​មុន គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ពី​កណ្តាល​ភ្លើង​មក​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​បាន​ប្រជុំ​គ្នា​នោះ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ថ្ម​ទាំង​២​មក​អញ​វិញ 5អញ​ក៏​វិល​ចុះ​ពី​ភ្នំ​មក​ដាក់​ថ្ម​ទាំង​២​ផ្ទាំង​ទៅ​ក្នុង​ហឹប ដែល​អញ​បាន​ធ្វើ ហើយ​ថ្ម​នោះ​ក៏​នៅ​តែ​ក្នុង​ហឹប ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អញ។
6ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចេញ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅ​ដល់​ម៉ូសេរ៉ា នៅ​ទី​នោះ អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ រួច​អេលាសារ ជា​កូន​លោក បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ជំនួស​ឡើង 7គេ​ធ្វើ​ដំណើរ​ពី​នោះ​ទៅ​ដល់​គុត‌កូថា ហើយ​ពី​គុត‌កូថា​ទៅ​ដល់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ស្ទឹង 8នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 9ដោយ​ហេតុ​នោះ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ទេ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​បន្ទូល​ហើយ។
10នោះ​អញ​ក៏​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជា​កាល​មុន​ដំបូង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​អញ​នៅ​ជាន់​នោះ​ដែរ គឺ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​បំផ្លាញ​ឯង​ទេ 11ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​បណ្តាជន​ចុះ ឲ្យ​គេ​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ពួក​ឰយុកោ ថា​នឹង​ឲ្យ​ដល់​គេ។
12ឥឡូវ​នេះ ឱ​អ៊ីស្រាអែល​អើយ សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង 13ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា នឹង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំរាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង 14មើល ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ នឹង​ផែនដី ព្រម​ទាំង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង 15ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​ស្រឡាញ់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​ត​រៀង​មក គឺ​ឯង​រាល់​គ្នា ដែល​ទ្រង់​រាប់‌អាន​លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ 16ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​ឲ្យ​នៅ​ក្បាល​រឹង​ទៀត​ឡើយ 17ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​ដ៏​ធំ​ដែល​មាន​ព្រះ‌ចេស្តា ហើយ​ក៏​គួរ​ស្ញែង‌ខ្លាច ទ្រង់​មិន​ដែល​យោគ‌យល់​ខាង​អ្នក​ណា​សោះ ក៏​មិន​ទទួល​សំណូក​ផង 18ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ នឹង​សំលៀក‌បំពាក់​ផង 19ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ 20ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ព្រម​ទាំង​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ 21ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​អស់​ទាំង​ការ​ដ៏​ធំ​គួរ​ស្ញែង‌ខ្លាច​នេះ​ឲ្យ​ឯង ជា​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ 22ពួក​ឰយុកោ​ឯង​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​៧០​នាក់​ទេ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ពួក​ឯង ឲ្យ​មាន​គ្នា​សន្ធឹក ដូច​ជា​ផ្កាយ​លើ​មេឃ​វិញ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល