ដានី‌យ៉ែល 3

3
1រីឯ​ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ធ្វើ​រូប​មាស​១ មាន​កំពស់​៦០​ហត្ថ ទទឹង​៦​ហត្ថ ទ្រង់​បញ្ឈរ​រូប​នោះ​នៅ​វាល​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន 2រួច​ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត​ទាំង​ប៉ុន្មាន ឲ្យ​គេ​ប្រមូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង​នោះ 3ដូច្នេះ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត ក៏​មូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប​នោះ ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង គេ​ក៏​ឈរ​នៅ​ចំពោះ​រូប​ដែល​ទ្រង់​តាំង​ទុក​នោះ 4រួច​មាន​អ្នក​១​ស្រែក​ប៉ាវ​ប្រកាស ជា​សំឡេង​យ៉ាង​ខ្លាំង​ថា ម្នាល​ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​អើយ មាន​សេចក្ដី​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នេះ​ថា 5វេលា​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹង​ប៉ី ហើយ​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ព្រះ‌ករុណា​ទ្រង់​បាន​តាំង​ឡើង​ទៅ 6បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្តាល​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នៅ​វេលា​នោះ​ឯង 7ដូច្នេះ នៅ​វេលា​នោះ កាល​ជន​ទាំង‌ឡាយ​បាន​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹង​ដន្ត្រី​គ្រប់​យ៉ាង​ហើយ នោះ​ជន​ទាំង‌ឡាយ​ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ផង ក៏​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​តាំង​ទុក​នោះ។
8នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា 9គេ​ទូល​ដល់​ស្តេច​នេប៊ូ‌ក្នេសា​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ 10បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​ព្រះ‌រាជ​បង្គាប់​ថា អស់​មនុស្ស​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​តែ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​នេះ 11ហើយ​ថា បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ 12រីឯ​ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​តាំង​ឡើង លើ​ក្រសួង​ការ​ខេត្ត​បាប៊ីឡូន នោះ​មាន​ពួក​សាសន៍​យូដា​ខ្លះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទាំង​៣​នាក់​នោះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​ក៏​មិន​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​នៃ​ទ្រង់ ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។
13ហេតុ​នោះ នេប៊ូ‌ក្នេសា​ទ្រង់​មាន​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ឃោរ‌ឃៅ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​មក ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​៣​នោះ​ចូល​មក​នៅ​ចំពោះ​ស្តេច 14នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ម្នាល​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ 15ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន 16តែ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទូល​ឆ្លើយ​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា យើង​ខ្ញុំ​មិន​ចាំ​បាច់​ទូល​ឆ្លើយ​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ទេ 17បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ 18តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។
19នោះ​នេប៊ូ‌ក្នេសា ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ​ទៅ ទាស់​នឹង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​ដុត​គុក​ភ្លើង​ឲ្យ​ក្តៅ​ជាង​ធម្មតា​១​ជា​៧ 20រួច​ទ្រង់​បង្គាប់​ដល់​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​ទ្រង់ ឲ្យ​គេ​ចង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ 21ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំង​នោះ​ភ្ជាប់​ទាំង​ខោ​ទាំង​អាវ នឹង​ឈ្នួត ព្រម​ទាំង​សំលៀក‌បំពាក់​ឯ​ទៀត​ផង បោះ​ចុះ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​ទៅ 22ហេតុ​នោះ ដោយ​ព្រោះ​បង្គាប់​ស្តេច​ក៏​តឹង​រឹង​ណាស់ ហើយ​គុក​ភ្លើង​បាន​ក្តៅ​យ៉ាង​ក្រៃ‌លែង បាន​ជា​អណ្តាត​ភ្លើង​ឆេះ​សំឡាប់​ពួក​អ្នក​ដែល​បាន​លើក​បោះ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទៅ​នោះ 23ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។
24ខណៈ​នោះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​មាន​សេចក្ដី​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​ជា​ប្រញាប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​របស់​ទ្រង់​ថា តើ​មិន​មែន​៣​នាក់ដែល​យើង​បោះ​ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ផង​ទេ​ឬ​អី គេ​ក៏​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា​អើយ ពិត​ហើយ​ដូច្នោះ 25រួច​ទ្រង់​មាន​បន្ទូល​ថា មើល យើង​ឃើញ​៤​នាក់ ឥត​ជាប់​ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥត​មាន​អ្វី​សោះ ឯ​អ្នក​ទី​៤​ក៏​មាន​ភាព​ដូច​ជា​កូន​ព្រះ 26នោះ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ មាន​បន្ទូល​ថា ឱ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ជា​អ្នក​គោរព​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ​ចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្តាល​ភ្លើង​មក 27រួច​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​ជំនិត​របស់​ស្តេច​ដែល​បាន​ប្រជុំ​គ្នា គេ​ក៏​ឃើញ​មនុស្ស​ទាំង​នោះ​ដែល​ភ្លើង​គ្មាន​អំណាច​លើ​ខ្លួន​គេ​សោះ សក់​ក្បាល​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​មិន​បាន​ឆេះ ក៏​ឥត​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​លើ​គេ​ផង។
28នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​ប្រោស​ពួក​បំរើ​ទ្រង់ ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឲ្យ​រួច គេ​បាន​រំលង​នឹង​បង្គាប់​នៃ​ស្តេច ព្រម​ទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ 29ដូច្នេះ យើង​ចេញ​ព្រះ‌រាជ​បំរាម​ដល់​បណ្តាជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​ថា បើ​អ្នក​ណា​និយាយ​បង្ខុស​ពី​ព្រះ​នៃ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ទុក​ជា​ទី​បន្ទោ‌បង់​លាមក ពី​ព្រោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ 30រួច​មក ស្តេច​ទ្រង់​ក៏​ដំឡើង​ងារ​ដល់​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ នៅ​ក្នុង​ខេត្ត​បាប៊ីឡូន។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល