កូល៉ុស 2

2
1ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខំ​ត‌យុទ្ធ​ជា​ខ្លាំង​ទាំង​ម៉្លេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ព្រម​ទាំង​អស់​អ្នក​ណា ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម​ផង 2ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្សាន្ត ដោយ​បាន​រួប‌រួម​គ្នា​មក​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​បាន​អស់​ទាំង​ផល​ប្រយោជន៍​នៃ​ប្រាជ្ញា ដែល​ជឿ‌ជាក់​ផ្តាច់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ‌គ្រីស្ទ 3ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់ 4ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង 5ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​សណ្តាប់‌ធ្នាប់​របស់​អ្នក​រាល់​គ្នា នឹង​សេចក្ដី​ខ្ជាប់‌ខ្ជួន​នៃ​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ 6ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ 7ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។
8ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ 9ដ្បិត​មាន​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង 10ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញ‌លេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់‌គ្រង នឹង​អំណាច​ទាំង​ប៉ុន្មាន 11អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះ‌គ្រីស្ទ​វិញ 12ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ឫទ្ធិ‌បារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ 13ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា 14ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង 15ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។
16ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ 17សេចក្ដី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ 18កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ‌បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ 19គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយ‌សារ​សិរសា​នោះ រូប‌កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ‌សារ​សន្លាក់ នឹង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្ដី​ចំរើន​របស់​ព្រះ។
20ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ 21ដូច​ជា​ថា កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ 22គឺ​តាម​សេចក្ដី​ហាម‌ប្រាម នឹង​សេចក្ដី​បង្រៀន​របស់​មនុស្ស ដែល​សេចក្ដី​ទាំង​នោះ​តែង‌តែ​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់ 23ជា​សេចក្ដី​ដែល​មើល​ទៅ​ដូច​ជា​មាន​ទំនង​មែន ដោយ​មាន​ការ​ថ្វាយ‌បង្គំ​ស្ម័គ្រ​ពី​ចិត្ត ហើយ​មាន​សេចក្ដី​សុភាព ឥត​ប្រណី​រូប​សាច់ តែ​គ្មាន​ប្រយោជន៍​នឹង​ទប់​ទល់​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ទើបបានជ្រើសរើសហើយ៖

កូល៉ុស 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល