កិច្ចការ 11:1-18

កិច្ចការ 11:1-18 ពគប

ឯ​ពួក​សាវក នឹង​ពួក​បង​ប្អូន ដែល​នៅ​ស្រុក​យូដា គេ​ក៏​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​ដែរ រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា លោក​បាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ក៏​បាន​ពិសា​ជា​មួយ​នឹង​គេ​ផង តែ​ពេត្រុស​ចាប់​ផ្តើម​រ៉ាយ​រឿង​ប្រាប់​គេ ដោយ​លំដាប់​ថា កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​ការ​ជាក់​ស្តែង ជា​ប្រដាប់​ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ ចង​ទាំង​៤​ជ្រុង សំរូត​ចុះ​ពី​លើ​មេឃ​មក​ត្រឹម​ខ្ញុំ កាល​ខ្ញុំ​សំឡឹង​គិត​ពិចារណា​មើល នោះ​ក៏​ឃើញ​មាន​សត្វ​ជើង​៤ សត្វ​ព្រៃ នឹង​សត្វ​លូន​វារ​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ស្លាប​នៅ​លើ​អាកាស​ផង រួច​ខ្ញុំ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ខ្ញុំ​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ព្រោះ​មិន​ដែល​មាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូលបង្គំ​ឡើយ ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ទាំង​អស់​ទៅ​លើ​មេឃ​វិញ ទី​បំផុត​នោះ ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​ដែល​លោក​នោះ​ចាត់​ពី​សេសារា​មក​រក​ខ្ញុំ គេ​ឈរ​នៅ​មុខ​ផ្ទះ​តែ​ម្តង ហើយ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ» ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។

អាន កិច្ចការ 11