២ សាំយូ‌អែល 23

23
1រីឯ​ព្រះ‌បន្ទូល​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គឺ​ថា ដាវីឌ​ជា​បុត្រ​អ៊ីសាយ ទ្រង់​មាន​បន្ទូល គឺ​ជា​មនុស្ស​ដែល​បាន​ដំកើង​ឡើង​ជា​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​នៃ​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ ក្នុង​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា 2ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ‌សារ​ខ្ញុំ ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្តាត​ខ្ញុំ 3ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​បាន​មាន​បន្ទូល គឺ​ថ្មដា​នៃ​សាសន៍​អ៊ីស្រាអែល​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា អ្នក​ណា​ដែល​សោយ‌រាជ្យ​លើ​ប្រជា‌ជន នោះ​ត្រូវ​តែ​បាន​សុចរិត ហើយ​ត្រូវ​សោយ‌រាជ្យ ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ 4អ្នក​នោះ​នឹង​បាន​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រលឹម​ស្រាង កាល​ថ្ងៃ​កំពុង​តែ​រះ ជា​ពេល​ព្រឹក​មេឃ​ស្រឡះ ដែល​មាន​ស្មៅ​ពន្លក​ពី​ដី​ឡើង ដោយ​ពន្លឺ​ភ្លឺ​មក​ក្រោយ​ពេល​ភ្លៀង​ធ្លាក់ 5តើ​វង្ស​ខ្ញុំ​មិន​មែន​ដូច្នោះ នៅ​ចំពោះ​ព្រះ​ទេ​ឬ​អី ដ្បិត​ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ខ្ញុំ​ឲ្យ​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ក៏​ពិត​ប្រាកដ ឯ​សេចក្ដី​សង្គ្រោះនឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​គ្រប់​ជំពូក​របស់​ខ្ញុំ បាន​កើត​អំពី​នោះ​មក ទោះ​បើ​ទ្រង់​មិន​ទាន់​ឲ្យ​ដុះ‌ដាល​ឡើង​ក៏​ដោយ 6តែ​បណ្តា​ពួក​មនុស្ស​អាក្រក់​សុទ្ធ​តែ​ដូច​បន្លា​ដែល​គេ​ចោល ពី​ព្រោះ​នឹង​ចាប់​កាន់​ដោយ​ដៃ​មិន​បាន 7មនុស្ស​ណា​ដែល​ពាល់​វា ត្រូវ​តែ​មាន​ដែក ហើយ​ដង​លំពែង​ផង គេ​នឹង​ដុត​វាឲ្យ​សុស​នៅ​ទី​នោះ​ឯង។
8នេះ​ជា​ឈ្មោះ​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ គឺ​យ៉ូសែប-បា‌សេ‌បែត ជា​ពូជ​តាក‌ម៉ូនី លោក​ជា​មេ​លើ​ពួក​មេ‌ទ័ព លោក​បាន​លើក​លំពែង​តស៊ូ សំឡាប់​មនុស្ស​៨០០​ក្នុង​គ្រា​តែ​១ 9បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រាអែល​ឡើង​ទៅ​បាត់​ហើយ 10លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ 11បន្ទាប់​ពី​លោក​នោះ​មក មាន​សាំម៉ា​ជា​កូន​អ័កេ ពួក​ហារ៉ារី គ្រា​នោះពួក​ភីលីស្ទីន​បាន​មូល​គ្នា​១​កង នៅ​ទី​ដែល​មាន​ចំការ​សណ្តែក‌បាយ ហើយ​ពួក​ពល​ទ័ព​ក៏​រត់​ចេញ​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ 12តែ​លោក​ឈរ​នៅ​កណ្តាល​ចំការ​នោះ រាំង‌រាហើយ​សំឡាប់​ពួក​ភីលីស្ទីន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ។
13មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម 14នៅ​គ្រា​នោះដាវីឌ​គង់​នៅ​ទី​ពំនួន ហើយ​មាន​ពួក​ទ័ព​ភីលីស្ទីន​នៅ​ត្រង់​បេថ្លេ‌ហិម 15ដាវីឌ​ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​បន្ទូល​ថា ឱ​បើសិន​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម មក​ឲ្យ​អញ​ផឹក​ទៅ​អេះ 16ចំណែក​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​អណ្តូង នៅ​មាត់​ទ្វារ​បេថ្លេ‌ហិម​យក​មក​ថ្វាយ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ 17រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូលបង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។
18ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សំឡាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ 19ក្នុង​បណ្តា​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជាង​គេ បាន​ជា​លើក​លោក​ធ្វើ​ជា​មេ ប៉ុន្តែលោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ។
20រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ 21ហើយ​លោក​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សំឡាប់ នឹង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង 22គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣នាក់​នោះ 23គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។
24ឯ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ លោក​ជា​ម្នាក់​ក្នុង​ពួក​៣០​នាក់​នោះ​ដែរ អែល‌ហា‌ណាន ជា​កូន​ដូដូរ ពី​ក្រុង​បេថ្លេ‌ហិម 25សាំម៉ា ជា​ពួក​ហារ៉ុឌ អេលីកា ជា​ពួក​ហារ៉ុឌ 26ហេលែស ជា​ពួក​ប៉ាលធី អ៊ីរ៉ា ជា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា 27អ័បៀ‌ស៊ើរ ពី​អាន៉ា‌ថោត មប៊ូ‌ណាយ ជា​ពួក​ហ៊ូសាយ 28សាល‌ម៉ូន ជា​ពួក​អ័ហូអា ម៉ាហា‌រ៉ាយ ពីនថូផា 29ហេលែប ជា​កូន​ប្អាណា​ពី​នថូផា អ៊ីត‌តាយ​ជា​កូន​រីបាយ​ពី​គីបៀរ ក្នុង​ពូជ​កូន​ចៅ​បេន‌យ៉ាមីន 30បេណាយ៉ា ពី​ពីរ៉ាថូន ហ៊ីដាយ ពី​ណាហាលេ-កាអាស 31អ័ប៊ី-អាល‌បូ ពី​អើរ៉ាបា អាស‌ម៉ាវែត ពី​បាហ៊ូរីម 32អេលី‌យ៉ាបា ពីស្អា‌ឡា‌ប៊ីន ពួក​កូន​យ៉ាសេន យ៉ូណា‌ថាន 33សាំម៉ា ពី​ស្រុកហារ៉ារី អ័ហ៊ី‌យ៉ាម ជា​កូន​សារ៉ើរ ពី​ស្រុក​ហារ៉ារី 34អេលី‌ផា‌លេត​ជា​កូន​អ័ហាស‌បាយ កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម ជា​កូន​អ័ហ៊ី‌ថូ‌ផែល ពួក​គីឡោ 35ហែស្រាយ ជា​ពួក​កើមែល ប្អារ៉ាយ ជា​អ្នក​មក​ពី​អារ៉ាប 36យីកាល ជា​កូន​ណាថាន់ ពីសូបា បានី ជា​ពួក​កាឌ់ 37សេលេក​ជា​សាសន៍​អាំម៉ូន ណា‌ហា‌រ៉ាយ ពីប្អៀរ៉ុត ជា​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​យ៉ូអាប់ ជា​កូន​សេរូយ៉ា 38អ៊ីរ៉ា ជា​ពួក​យេធើ ការេប ជា​ពួក​យេធើ 39ហើយ​នឹង​អ៊ូរី ជា​សាសន៍​ហេត រួម​ទាំង​អស់​មាន​៣៧​នាក់។

ទើបបានជ្រើសរើសហើយ៖

២ សាំយូ‌អែល 23: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល