២ ពង្សាវតារក្សត្រ 6
6
1គ្រានោះ ពួកសិស្សរបស់ពួកហោរា គេជំរាបដល់អេលីសេថា សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយនឹងលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់ 2សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ 3មានម្នាក់និយាយថា សូមលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំប្របាទផង លោកតបថា អញនឹងទៅដែរ 4ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ 5តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា វរហើយ លោកម្ចាស់ខ្ញុំអើយ ដ្បិតពូថៅនេះខ្ញុំបានខ្ចីមកពីគេ 6អ្នកសំណប់របស់ព្រះសួរថា តើធ្លាក់ត្រង់ណា អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើ១កំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក 7នោះលោកបង្គាប់ថា ចូរចាប់យកចុះ អ្នកនោះក៏លូកដៃទៅចាប់យកមក។
8រីឯស្តេចស្រុកស៊ីរី ទ្រង់កំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា យើងនឹងបោះទ័ពនៅទីណាមួយនោះ 9ដូច្នេះ អ្នកសំណប់របស់ព្រះ លោកចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ប្រយ័ត កុំយាងទៅតាមទី១នោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ 10ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័តនោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ 11ឯស្តេចស្រុកស៊ីរី ទ្រង់មានព្រះទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ 12នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល 13រួចទ្រង់បង្គាប់ថា ចូរទៅសង្កេតមើលកន្លែងណាដែលវានៅ ដើម្បីឲ្យអញបានចាត់គេឲ្យទៅចាប់នាំមក នោះមានគេទូលទ្រង់ថា មើល គាត់នៅឯក្រុងដូថាន់។
14ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចំបាំង នឹងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់ 15ឯអ្នកបំរើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ នឹងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបំរើជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច 16លោកឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត 17នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ នឹងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ 18កាលបានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេត្រូវថ្ពឹនទៅ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេ ត្រូវថ្ពឹនតាមពាក្យអេលីសេ 19ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
20លុះគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្តាលក្រុងសាម៉ារីហើយ 21កាលស្តេចអ៊ីស្រាអែលបានឃើញគេ នោះទ្រង់មានបន្ទូលសួរអេលីសេថា លោកឪពុកអើយ តើត្រូវឲ្យប្រហារជីវិតគេ តើត្រូវសំឡាប់គេឬអី 22លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង នឹងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ 23ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ នោះទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួនទៅ ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
24ក្រោយនោះមក បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរីទ្រង់ក៏ប្រមូលកងទ័ពទាំងអស់ លើកឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី 25ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់អត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះទាល់តែក្បាលលា១លក់ថ្លៃ៨០រៀល ហើយអាចម៍ព្រាប១កំប៉ុងលក់ថ្លៃ៥រៀល 26គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា បពិត្រព្រះករុណា ជាព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង 27តែទ្រង់មានបន្ទូលតបថា បើព្រះយេហូវ៉ាមិនជួយអ្នកទេ នោះធ្វើដូចម្តេចឲ្យយើងជួយបាន តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬអី 28ស្តេចក៏សួរស្ត្រីនោះថា តើអ្នកកើតមានអ្វី ស្ត្រីនោះទូលឆ្លើយថា នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា ចូរឲ្យកូនឯងមកឲ្យយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែកឡើង នោះយើងនឹងបរិភោគកូនអញវិញ 29ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា ចូរយកកូនឯងមកឲ្យយើងបរិភោគទៀត តែគេបានយកកូនទៅលាក់ទុកវិញ 30កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ នោះទ្រង់ហែកព្រះពស្ត្រទ្រង់ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួករាស្ត្រគេក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់ 31នោះទ្រង់មានបន្ទូលស្បថថា បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង។
32ឯអេលីសេ លោកកំពុងតែអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ ហើយស្តេចទ្រង់ចាត់មនុស្សម្នាក់ពីចំពោះទ្រង់ ឲ្យទៅរកលោក តែមុនដែលអ្នកនោះមកដល់ នោះលោកមានប្រសាសន៍ទៅពួកចាស់ទុំថា សូមមើលបែបយ៉ាងណា ដែលកូនរបស់អ្នកសំឡាប់គេនេះ បានចាត់មនុស្សមកយកក្បាលខ្ញុំទៅ សូមចាំមើល កាលណាអ្នកនោះមកដល់ ឲ្យបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ តើមិនឮសូរជើងរបស់ចៅហ្វាយគេ មកតាមក្រោយទេឬ 33កាលលោកកំពុងមានប្រសាសន៍ នឹងអ្នកទាំងនោះនៅឡើយ អ្នកនោះក៏ចុះមកដល់ និយាយថា មើល សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើត្រូវឲ្យយើងនៅចាំព្រះយេហូវ៉ាធ្វើអីទៀត។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.