២ ពង្សាវតារក្សត្រ 21
21
1លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាហែបស៊ីបា 2ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ 3ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលហេសេគា ជាព្រះបិតាទ្រង់ បានបំផ្លាញចេញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើរូបព្រះដូចជាអ័ហាប់ ជាស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវានៅលើមេឃផង 4ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា អញនឹងតាំងឈ្មោះអញ នៅក្រុងយេរូសាឡិមនោះ 5ទ្រង់ធ្វើអាសនាសំរាប់អស់ទាំងពួកពលបរិវារ ដែលនៅលើមេឃ នៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា 6ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ 7ទ្រង់ក៏យករូបព្រះឆ្លាក់ ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូន ជាបុត្រទ្រង់ថា អញនឹងតាំងឈ្មោះអញ ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលអញបានរើសពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ 8ហើយនឹងមិនដែលឲ្យជើងសាសន៍អ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុក ដែលអញបានឲ្យដល់ពួកឰយុកោគេទៀតឡើយ ឲ្យតែគេបានប្រយ័តនឹងកាន់តាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់គេ ហើយតាមក្រិត្យវិន័យទាំងអស់ដែលម៉ូសេ ជាអ្នកបំរើអញ បានបង្គាប់ដល់គេផង 9តែគេមិនបានស្តាប់តាមសោះ ហើយម៉ាន៉ាសេក៏ល្បួងគេ ឲ្យប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញទៅទៀត។
10ព្រះយេហូវ៉ាទ្រង់បានមានបន្ទូល ដោយសារពួកហោរា ជាពួកអ្នកបំរើទ្រង់ថា 11ដោយព្រោះម៉ាន៉ាសេជាស្តេចយូដា បានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្តាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង 12នោះបានជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងបណ្តាឲ្យកើតមានសេចក្ដីអាក្រក់ នៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា ដល់ម៉្លេះបានជាអ្នកណាដែលឮនិយាយ នោះត្រចៀកគេទាំងសងខាងនឹងខ្ទរខ្ទ័រ 13អញនឹងវាស់ក្រុងយេរូសាឡិម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយកូនតឹងនៃជំនួរវង្សអ័ហាប់ អញនឹងជូតក្រុងយេរូសាឡិម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង 14អញនឹងបោះបង់ចោលសំណល់នៃមរដករបស់អញទៅ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេនឹងត្រឡប់ជារំពា នឹងរបឹប ដល់អស់ទាំងពួកខ្មាំងសត្រូវគេ 15គឺដោយព្រោះគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅភ្នែកអញ ព្រមទាំងបណ្តាលឲ្យអញមានសេចក្ដីក្រោធ ចាប់តាំងពីថ្ងៃដែលពួកឰយុកោគេ បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ។
16មួយទៀត ម៉ាន៉ាសេទ្រង់បានកំចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមនោះ ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា 17រីឯដំណើរឯទៀតពីម៉ាន៉ាសេ នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយអំពើបាបដែលទ្រង់ប្រព្រឹត្ត នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 18ម៉ាន៉ាសេក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់ នៅក្នុងច្បារនៃដំណាក់ទ្រង់ គឺក្នុងច្បាប់របស់អ៊ូសា រួចអាំម៉ូន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
19កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា 20ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាទ្រង់ដែរ 21ទ្រង់បានដើរតាមអស់ទាំងផ្លូវរបស់ព្រះបិតា ព្រមទាំងគោរពប្រតិបត្តិ ហើយថ្វាយបង្គំ ដល់អស់ទាំងរូបព្រះរបស់ព្រះបិតា 22ទ្រង់បោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ ឥតដើរតាមផ្លូវរបស់ព្រះយេហូវ៉ាឡើយ 23ពួកអ្នកបំរើរបស់អាំម៉ូនគេគិតក្បត់ ហើយក៏ធ្វើគុតទ្រង់ នៅក្នុងព្រះរាជដំណាក់ទៅ 24តែបណ្តាជននៅស្រុកនោះ គេសំឡាប់អស់អ្នកដែលបានក្បត់នឹងស្តេចអាំម៉ូនវិញ រួចគេលើកយ៉ូសៀសជាព្រះរាជបុត្រាទ្រង់ តាំងឡើងឲ្យធ្វើជាស្តេចជំនួសព្រះបិតា 25រីឯដំណើរឯទៀតពីអាំម៉ូន ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 26គេបញ្ចុះសពក្នុងផ្នូររបស់ទ្រង់ នៅច្បាររបស់អ៊ូសា រួចយ៉ូសៀស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.