ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្ដីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្ដីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ ហេតុនោះបានជាសេចក្ដីស្លាប់កំពុងតែចំរើនឡើងក្នុងយើងខ្ញុំ តែជីវិតចំរើនក្នុងអ្នករាល់គ្នាវិញ ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្ដីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងខ្ញុំក៏ជឿដែរ បានជាយើងខ្ញុំនិយាយ ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនឹងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ ពីព្រោះគ្រប់ទាំងអស់សំរាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណដែលចំរើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្ដីអរព្រះគុណចំរើនជាបរិបូរឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត។ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។
អាន ២ កូរិនថូស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 4:6-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ