២ កូរិនថូស 4:6-18
ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្តដែរ។ យើងមានមុខងារដ៏ប្រសើរ នេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់ របស់ព្រះយេស៊ូជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង ដែលតែងតែស្លាប់។ ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូន គឺឲ្យព្រះគុណបានចម្រើនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើង កាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ ដ្បិតទុក្ខលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលុប ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ដូច្នេះ យើងមិនចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។
២ កូរិនថូស 4:6-18