២ របាក្សត្រ 5:1-14

២ របាក្សត្រ 5:1-14 ពគប

ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​បាន​ថ្វាយ​ទាំង​ប្រាក់​ទាំង​មាស នឹង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។ រួច​មក សាឡូម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​អស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក ដូច្នេះ បណ្តា​មនុស្ស​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​មូល​ព្រម​គ្នា​មក​ឯ​ស្តេច នៅ​វេលា​បុណ្យ​ក្នុង​ខែ​អស្សុជ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ក៏​មក​ដែរ ហើយ​ពួក​លេវី​គេ​លើក​សែង​ហឹប នាំ​យក​ទាំង​ហឹប នឹង​ត្រសាល​ជំនុំ ហើយ​នឹង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ជា​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​យក​មក​នោះ ឯ​ស្តេច​សាឡូម៉ូន នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​បាន​មូល​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​មុខ​ហឹប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម នឹង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​បាន រួច​ពួក​សង្ឃ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​នៃ​ចេរូប៊ីន ពី​ព្រោះ​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​សំរាប់​ដាក់​ហឹប ហើយ​ក៏​គ្រប​ពី​លើ​ហឹប នឹង​ឈើ​ស្នែង ឯ​ឈើ​ស្នែង​នោះ​វែង​ល្មម បាន​ជា​មើល​ពី​ត្រង់​ទី​ទូល​សួរ​ដល់​ព្រះ​ទៅ ឃើញ​ចុង​សង​ខាង​ចេញ​មក​ពី​ហឹប តែ​ខាង​ក្រៅ​មិន​ឃើញ​ទេ ហើយ​ក៏​នៅ​ទី​នោះ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ រីឯ​នៅ​ក្នុង​ហឹប ឥត​មាន​អ្វី​ទេ មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ភ្នំ​ហោរែប​នៅ​ឡើយ គឺ​កាល​ព្រះ‌យេហូវ៉ា ទ្រង់​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ រួច​កាល​ពួក​សង្ឃ​បាន​ចេញ ពី​ទី​បរិសុទ្ធ​មក​វិញ (ដ្បិត​ពួក​សង្ឃ​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ គេ​មិន​បាន​ចាំ​ធ្វើ​ការ‌ងារ​តាម​វេន​ទេ ឯ​ពួក​លេវី ជា​ពួក​អ្នក​ចំរៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន នឹង​យេឌូថិន ព្រម​ទាំង​ពួក​កូន​ចៅ នឹង​ពួក​បង​ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាសនា កាន់​ឈឹង ពិណ នឹង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​១២០​នាក់ ឈរ​ជា​មួយកំពុង​តែ​ផ្លុំ​ត្រែ​ដែរ) នៅ​ខណ​នោះ កាល​ពួក​ផ្លុំ​ត្រែ នឹង​ពួក​ចំរៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈឹង ហើយ​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច នោះ​ស្រាប់​តែ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក ដល់​ម៉្លេះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការ‌ងារ​មិន​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។