១ ធីម៉ូថេ 3

3
1ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ 2ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត‌ត្រា​ប្រព្រឹត្ត​ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់‌ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅ‌រ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន 3មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់ 4ត្រូវ​ត្រួត‌ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង 5បើ​អ្នក​ណា​មិន​ចេះ​ត្រួត‌ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​នៃ​ព្រះ​បាន 6មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ 7ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។
8ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ 9ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្ដី​អាថ៌‌កំបាំង​របស់​សេចក្ដី​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត 10មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ 11ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ 12ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត‌ត្រា​កូន​ចៅ នឹង​ផ្ទះ​ខ្លួន ដោយ​ស្រួល‌បួល 13ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សំរាប់​ខ្លួន នឹង​សេចក្ដី​ក្លាហាន​ក្នុង​សេចក្ដី​ជំនឿ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ។
14ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ឯ​អ្នក​ជា​យ៉ាង​ឆាប់ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក​សិន 15ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត 16ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។

ទើបបានជ្រើសរើសហើយ៖

១ ធីម៉ូថេ 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល