១ សាំយូ‌អែល 5

5
1រីឯ​ពួក​ភីលីស្ទីន គេ​ចាប់​យក​បាន​ហឹប​នៃ​ព្រះ រួច​ក៏​នាំ​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ឯ​ក្រុង​អាស‌ដូឌ​ទៅ 2ហើយ​គេ​យក​ទៅ​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គឺ​នៅ​ក្បែរ​ព្រះ​នោះ 3លុះ​ស្អែក​ឡើង កាល​ពួក​ក្រុង​អាស‌ដូឌ​បាន​ក្រោក​ឡើង​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា រួច​គេ​លើក​ព្រះ​ដាកុន ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ 4លុះ​ដល់​ថ្ងៃ​ស្អែក​ទៀត កាល​គេ​ក្រោក​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល នឹង​ដៃ​ទាំង​២​នៃ​ព្រះ​ដាកុន ក៏​បាក់​ដាច់ នៅ​លើ​ក្រប​ទ្វារ សល់​នៅ​តែ​តួ​ព្រះ​ដាកុន​ប៉ុណ្ណោះ 5ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សង្ឃ​របស់​ព្រះ​ដាកុន នឹង​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គេ​មិន​ដែល​ជាន់​លើ​ក្រប​ទ្វារ​នៃ​វិហារ​ព្រះ​ដាកុន នៅ​ក្រុង​អាស‌ដូឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
6ឯ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ទ្រង់​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​រោគ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ នឹង​ស្រុក​ជុំវិញ​ទាំង​អស់ 7កាល​ពួក​អាស‌ដូឌ​ឃើញ​ថា កើត​មាន​យ៉ាង​ដូច្នោះ នោះ​គេ​ជំនុំ​គ្នា​ថា មិន​ត្រូវ​ឲ្យ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ជា​មួយ​នឹង​យើង​ទៀត​ឡើយ ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​សង្កត់​លើ​យើង​រាល់​គ្នា​ធ្ងន់​ណាស់ ហើយ​លើ​ព្រះ​ដាកុន​ជា​ព្រះ​នៃ​យើង​ដែរ 8ដូច្នេះគេ​ក៏​ចាត់​ឲ្យ​ទៅ ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​នឹង​ហឹប​ព្រះ របស់​សាសន៍​អ៊ីស្រាអែល​នេះ គេ​ឆ្លើយ​ថា ចូរ​នាំ​យក​ទៅ​ឯ​ក្រុង​កាថ​ទៅ ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ របស់​សាសន៍​អ៊ីស្រាអែល ទៅ​ឯ​ទី​នោះ 9កាល​គេ​បាន​នាំ​យក​ទៅ​ឯ​ណោះ​ហើយ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ទី​ក្រុង​នោះ ដោយ​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង​ដែរ ទ្រង់​វាយ​ពួក​ក្រុង​នោះ​ទាំង​តូច​ទាំង​ធំ ឲ្យ​កើត​មាន​ឫស‌ដូង‌បាត​ទាំង​អស់​គ្នា 10ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ​ទៅ​ឯ​ក្រុង​អេក្រុន​ទៀត កាល​បាន​ដល់​អេក្រុន​ហើយ ពួក​ក្រុង​នោះ​ស្រែក​ឡើង​ថា គេ​បាន​យក​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​មក​ឯ​យើង ដើម្បី​នឹង​សំឡាប់​យើង នឹង​ពួក​យើង​ផង​ហើយ 11នោះ​គេ​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន មក​ជំនុំ​គ្នា​ថា ចូរ​ផ្ញើ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​ទៅ​វិញ​ទៅ ឲ្យ​បាន​ត្រឡប់​ទៅ​ឯ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង នឹង​ពួក​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ដូច្នេះ​ឡើយ ពី​ព្រោះ​កើត​មាន​សេចក្ដី​វេទនា​ដ៏​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់ 12ឯ​ពួក​មនុស្ស​ដែល​មិន​បាន​ស្លាប់​ទេ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត​វិញ ហើយ​សូរ​សំរែក​នៅ​ទី​ក្រុង​នោះ ក៏​ឮ​រហូត​ដល់​ផ្ទៃ​មេឃ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល