១ ពង្សាវតារក្សត្រ 17
17
1គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ 2រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា 3ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ 4ឯងនឹងផឹកទឹកពីជ្រោះនោះ ហើយអញបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ 5ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់ 6ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ងនឹងសាច់មកជូនលោក លោកក៏ផឹកទឹកពីជ្រោះនោះ 7លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ពីព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
8នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកបង្គាប់លោកថា 9ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូន អាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង 10ដូច្នេះ លោកក៏ក្រោកឡើងទៅឯក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុងហើយ នោះឃើញមានស្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឈើ លោកក៏ហៅនាងថា សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិច 11កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង 12តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ នឹងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ 13តែអេលីយ៉ាប្រាប់នាងថា កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសំរាប់អ្នក នឹងកូនអ្នកចុះ 14ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី 15ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង នឹងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ 16ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអេលីយ៉ា។
17ក្រោយនោះមក មានកាល១ថ្ងៃ កូនរបស់នាងម្ចាស់ផ្ទះនោះចាប់ជំងឺឈឺ ជំងឺនោះមានទំងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនទៀតឡើយ 18ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ 19តែលោកឆ្លើយតបថា សូមឲ្យកូនអ្នកមកខ្ញុំចុះ រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកអាស្រ័យនៅ ហើយផ្តេកនៅលើដំណេករបស់លោក 20រួចអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសំឡាប់កូននាងដែរឬ 21លោកក៏ទ្រោបលើកូននោះ៣ដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ 22ព្រះយេហូវ៉ាទ្រង់ស្តាប់តាមអេលីយ៉ា ហើយព្រលឹងរបស់កូននោះ ក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ 23នោះអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពាក្យថា មើល កូនអ្នកមានជីវិតរស់ 24នាងនិយាយឡើងថា ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេចក្តីពិតមែន។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 17: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.