១ ពង្សាវតារក្សត្រ 14
14
1នៅគ្រានោះ អ័ប៊ីយ៉ា ជាបុត្រយេរ៉ូបោម ទ្រង់ចាប់ប្រឈួន 2ហើយយេរ៉ូបោមមានបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះមានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ 3ចូរនាំយកនំបុ័ង១០ដុំ នឹងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា 4ភរិយារបស់យេរ៉ូបោមក៏ធ្វើដូច្នោះ នាងក្រោកឡើងទៅឯផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ពីព្រោះភ្នែកងងឹតដោយចាស់ណាស់ហើយ 5តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់អ័ហ៊ីយ៉ាថា មើល ភរិយារបស់យេរ៉ូបោមមកសួរឯង ពីដំណើរកូនដែលឈឺ ត្រូវឲ្យឯងប្រាប់នាងដូច្នេះមួយៗ ដ្បិតកាលណានាងចូលមក នោះនាងនឹងធ្វើភាពជាស្ត្រីផ្សេងទៀត។
6ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង 7សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអញបានលើកឯង ពីកណ្តាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រអញ 8ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យឯងវិញ តែឯងមិនបានដូចដាវីឌ ជាអ្នកបំរើអញ ដែលបានកាន់តាមបញ្ញត្តអញ ហើយដើរតាមអញ ដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្ដីដែលទៀងត្រង់ នៅភ្នែកអញទេ 9គឺឯងបានប្រព្រឹត្តនៅចំពោះអញ ដោយអាក្រក់លើសជាងអស់អ្នកដែលនៅមុនឯងវិញ ព្រមទាំងធ្វើព្រះដទៃ នឹងរូបសិតផង ជាការដែលបណ្តាលឲ្យអញខឹង ហើយឯងបានបោះបង់ចោលអញ ទៅខាងក្រោយខ្នងឯង 10នោះបានជាអញនឹងនាំសេចក្ដីអាក្រក់ មកលើពូជពង្សយេរ៉ូបោម ហើយនឹងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណង ក្នុងពួកអ៊ីស្រាអែលក្តី ហើយអញនឹងបោសពួកវង្សរបស់យេរ៉ូបោមទៅ ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង 11អ្នកណាក្នុងវង្សយេរ៉ូបោម ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលហើយ 12ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ 13ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោម នោះមានតែបុត្រនេះ១ប៉ុណ្ណោះ ដែលនឹងបានបញ្ចុះក្នុងផ្នូរ ពីព្រោះក្នុងវង្សាយេរ៉ូបោមមានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល 14មួយទៀត ព្រះយេហូវ៉ាទ្រង់នឹងតាំងឲ្យមានស្តេច១ផ្សេងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ 15ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុស ដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែល ចេញពីដីល្អនេះដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ ក៏នឹងកំចាត់កំចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសំរាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ 16ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបផង ដោយសារការនោះឯង។
17ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ 18រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់។
19រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ 20យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
21ឯរេហូបោម ជាព្រះរាជបុត្រានៃសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានចាប់តាំងសោយរាជ្យឡើង នោះទ្រង់បានព្រះជន្ម៤១ឆ្នាំហើយ ក៏សោយរាជ្យបាន១៧ឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ា ទ្រង់បានរើសចេញ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអំបាលម៉ាន សំរាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងនាមជាន៉ាអាម៉ា ជាសាសន៍អាំម៉ូន 22ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាប ដែលគេប្រព្រឹត្តលើសជាងពួកឰយុកោរបស់គេទៅទៀត 23ដ្បិតគេបានធ្វើទីខ្ពស់ បង្គោលសំរាប់គោរព នឹងរូបព្រះ សំរាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ 24ក៏តាំងឲ្យមានកូនជឹងនៅក្នុងស្រុកដែរ គេប្រព្រឹត្ត តាមអស់ទាំងអំពើគួរស្អប់ខ្ពើម របស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
25លុះឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម 26ក៏យកអស់ទាំងទ្រព្យសម្បត្តិ នៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាស ដែលសាឡូម៉ូនបានធ្វើផងដែរ 27រួចមកស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច 28ដូច្នេះ កាលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារព្រះយេហូវ៉ាវេលាណា នោះពួករក្សាអង្គក៏កាន់ខែលទាំងនោះ រួចយកទៅទុកក្នុងបន្ទប់របស់ពួករក្សាអង្គវិញ។
29រីឯដំណើរឯទៀត ពីរេហូបោម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 30ឯរេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច 31រេហូបោមក៏ផ្ទំលក់ជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ឯមាតាទ្រង់ នោះមានព្រះនាមជាន៉ាអាម៉ា សាសន៍អាំម៉ូន លំដាប់នោះ អ័ប៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 14: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.