១ ពង្សាវតារក្សត្រ 12:6-15

១ ពង្សាវតារក្សត្រ 12:6-15 ពគប

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​បាវ​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ ប៉ុន្តែទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ ដោយ​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា ឯ​ពួក​រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពន់‌ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។ លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម នឹង​បណ្តាជន​ទាំង‌ឡាយ ក៏​មូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ដោយ​បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​មក​ឯ​យើង​វិញ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ គឺ​ទ្រង់​មាន​បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពង្សាវតារក្សត្រ 12:6-15