ដូច្នេះ ធ្វើដូចម្តេច បងប្អូនអើយ កាលណាអ្នករាល់គ្នាប្រជុំ នោះគ្រប់គ្នាមានទំនុកដំកើង មានសេចក្ដីបង្រៀន មានសេចក្ដីបើកសំដែង មាននិយាយភាសាដទៃ មានសេចក្ដីបកប្រែដែរ ត្រូវឲ្យធ្វើការទាំងអស់ សំរាប់នឹងស្អាងចិត្តឡើង បើមានអ្នកណានិយាយជាភាសាដទៃ នោះនិយាយបានតែ២ឬ៣នាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗផង រួចត្រូវមានអ្នក១ជាអ្នកបកប្រែ បើគ្មានអ្នកណាសំរាប់បកប្រែទេ នោះត្រូវឲ្យគេនៅស្ងៀមក្នុងពួកជំនុំចុះ ហើយទូលដល់ព្រះដោយខ្លួនឯងវិញ ឯអ្នកដែលអធិប្បាយ នោះទុកឲ្យ២ឬ៣នាក់សំដែងទៅ ហើយឲ្យអ្នកឯទៀតគិតពិចារណាចុះ បើមានអ្នកណាទៀតអង្គុយនៅទីនោះ ដែលក៏មានសេចក្ដីសំរាប់នឹងបើកសំដែងដែរ នោះត្រូវឲ្យអ្នកមុនផ្អាកនៅស្ងៀមសិន ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសំដែងម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀនតាម ហើយឲ្យគ្រប់គ្នាបានសេចក្ដីទូន្មានដែរ ឯវិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះនៅក្រោមអំណាចអ្នកនោះឯង ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ។ នៅក្នុងពួកជំនុំ ត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ បើគេចង់រៀនអ្វី នោះត្រូវតែសួរប្ដីនៅឯផ្ទះចុះ ដ្បិតដែលពួកស្រីៗនិយាយនៅក្នុងពួកជំនុំ នោះគួរខ្មាសហើយ។ ចុះដូចម្តេច តើព្រះបន្ទូលបានចេញពីពួកអ្នករាល់គ្នាមក ឬបានមកត្រឹមតែអ្នករាល់គ្នាតែប៉ុណ្ណោះ បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្ដីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញត្តផងព្រះអម្ចាស់ទាំងអស់ បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានចេះអធិប្បាយ ហើយកុំឲ្យឃាត់មិនឲ្យនិយាយភាសាដទៃនោះឡើយ ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង។
អាន ១ កូរិនថូស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 14:26-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ