១ របាក្សត្រ 20
20
1ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មាន ចេញទៅច្បាំងបាន នោះយ៉ូអាប់លោកនាំពលទ័ពចេញទៅ បំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែដាវីឌ ទ្រង់គង់នៅឯក្រុងយេរូសាឡិមវិញ យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាតនោះ 2ឯដាវីឌ ទ្រង់យកមកុដ ពីព្រះសិរស្តេចរបស់គេ មកថ្លឹងមើល ឃើញមានទំងន់ជាមាស១ហាប ក៏មានដាំត្បូងមានដំឡៃផង ហើយគេបំពាក់ថ្វាយទ្រង់វិញ ទ្រង់ក៏យករបឹបពីទីក្រុងនោះមកយ៉ាងសន្ធឹកដែរ 3រួចនាំពួក ដែលនៅក្រុងនោះ ចេញមកដាក់ឲ្យកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ផង ទ្រង់ក៏ធ្វើយ៉ាងនោះដល់អស់ទាំងទីក្រុងរបស់ពួកកូនចៅអាំម៉ូនដែរ រួចទ្រង់ នឹងពួកទ័ពទាំងប៉ុន្មាន ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
4ក្រោយនោះមក ក៏កើតមានចំបាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់ស៊ីផាយ ជាកូននៃម្នាក់នោះ ដែលមានមាឌធំបង់ ហើយគេត្រូវចុះចូល 5ក៏កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សំឡាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថទៅ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំដំបាញ 6ហើយកើតមានចំបាំង នៅក្រុងកាថទៀត នៅទីនោះមានមនុស្សមានមាឌធំណាស់ មានម្រាម២៤ គឺម្រាមដៃ៦ទាំងសងខាង នឹងម្រាមជើង៦ទាំងសងខាងដែរ ជាអ្នកកើតពីពូជមនុស្សមានមាឌធំ 7កាលវាបានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាដាវីឌ ក៏សំឡាប់វាបង់ 8អ្នកទាំងនោះសុទ្ធតែជាពូជមនុស្សមានមាឌធំ ដែលនៅក្រុងកាថ ហើយក៏ស្លាប់ដោយព្រះហស្តដាវីឌ នឹងដៃនៃពួកទ័ពទ្រង់ទៅ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.