១ របាក្សត្រ 15

15
1ដាវីឌ​ទ្រង់​ក៏​សង់​ដំណាក់ សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀបចំ​កន្លែង សំរាប់​ហឹប​នៃ​ព្រះ គឺ​បាន​ដំឡើង​ត្រសាល សំរាប់​ហឹប​នោះ 2រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហឹប​នៃ​ព្រះ​ឡើយ លើក​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​គេ ទុក​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ជា​ដរាប 3ដូច្នេះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប​សំរាប់ 4ទ្រង់​ក៏​ប្រមូល​ពួក​កូន​ចៅ​អើរ៉ុន នឹង​ពួក​លេវី 5គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ នឹង​បង​ប្អូន​លោក​១២០​នាក់ 6ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សាយ៉ា​ជា​មេ នឹង​បង​ប្អូន​លោក​២២០​នាក់ 7ក្នុង​ពួក​កូន​ចៅ​គើសុន មាន​យ៉ូអែល​ជា​មេ នឹង​បង​ប្អូន​លោក​១៣០​នាក់ 8ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​សេម៉ាយ៉ា​ជា​មេ នឹង​បង​ប្អូន​លោក​២០០​នាក់ 9ក្នុង​ពួក​កូន​ចៅ​ហេប្រុន មាន​អេលាល​ជា​មេ នឹង​បង​ប្អូន​លោក​៨០​នាក់ 10ក្នុង​ពួក​កូន​ចៅ​អ៊ូស៊ាលមាន​អ័មី‌ន៉ាដាប់​ជា​មេ នឹង​បង​ប្អូន​លោក​១១២​នាក់ 11ដាវីឌ​ទ្រង់​ក៏​ហៅ​សាដុក នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល នឹង​អ័មីន៉ា​ដាប់​ផង 12ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង​ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មក​ឯ​កន្លែង​ដែល​យើង​បាន​រៀបចំ 13ដ្បិត​ដោយ​ព្រោះ​កាល​ពី​ជាន់​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រហារ​ពួក​យើង​ទៅ គឺ​ពី​ព្រោះ​យើង​រាល់​គ្នា​មិន​បាន​រក​ទ្រង់ ឲ្យ​ត្រូវ​តាម​ច្បាប់ 14ដូច្នេះ ពួក​សង្ឃ នឹង​ពួក​លេវី ក៏​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ឡើង​មក 15ពួក​កូន​ចៅ​លេវី​បាន​សែង​ហឹប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
16ដាវីឌ​ក៏​ប្រាប់ ឲ្យ​មេ​ពួក​លេវី​ដំរូវ ឲ្យ​ពួក​ចំរៀង ជា​បង​ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង នឹង​ឈឹង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ 17ពួក​លេវី​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង​ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេគា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង​ប្អូន​លោក គឺ​អេថាន ជា​កូន​គូសាយ៉ា 18ហើយ​ពួក​បង​ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​២​ឲ្យ​បាន​នៅ​ជា​មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម នឹង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ 19ដូច្នេះ ពួក​អ្នក​ចំរៀង គឺ​ហេម៉ាន អេសាភ នឹង​អេថាន ក៏​កាន់​ឈឹង​លង្ហិន សំរាប់​វាយ​ឲ្យ​ឮ​រងំ 20ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា នឹង​បេណាយ៉ា ក៏​កាន់​ពិណ សំរាប់​ដេញ តាម​សំឡេង​ស្រួច 21ហើយ​ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម យីអែល នឹង​អ័សាស៊ា ក៏​កាន់​ស៊ុង​ខ្សែ​៨ សំរាប់​នឹង​ចាប់​នាំ​មុខ​ពួក​ចំរៀង 22ហើយ​កេណានា ជា​មេ​ពួក​លេវី លោក​ត្រួត​លើ​ការ​ចំរៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ពី​ព្រោះ​លោក​ជា​អ្នក​ប្រសប់ 23ឯ​បេរេគា នឹង​អែល‌កាណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចូល 24សេបានា យេហូ‌សា‌ផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេណាយ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ ឯ​អូបិឌ-អេដំម នឹង​យេហ៊ីយ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចេញ។
25ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ 26រួច​ដោយ​ព្រោះ​ព្រះ‌ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ នឹង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា 27ឯ​ដាវីឌ​ទ្រង់​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហឹប ពួក​ចំរៀង នឹង​កេណានា ជា​មេ​លើ​ពួក​ចំរៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ 28គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សំរែក​អរ​សប្បាយ នឹង​សូរ​ស្នែង ត្រែ ហើយ​នឹង​ឈឹង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។
29កាល​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ស្តេច​ដាវីឌ​កំពុង​តែ​លោត‌កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល