កំណើតពិភពលោក 12
12
ប្រវត្តិរបស់ណាពីអ៊ីព្រហ៊ីម
អុលឡោះត្រាស់ហៅអ៊ីប្រាំ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីប្រាំថា៖ «ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្តានរបស់អ្នក និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក។
2យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
3យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក
យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ
ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
4អ៊ីប្រាំក៏ចេញដំណើរទៅ តាមបន្ទូលរបស់អុលឡោះតាអាឡា ហើយឡូតក៏ទៅជាមួយគាត់ដែរ។ 5នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។
អ៊ីប្រាំនៅស្រុកកាណាន
លុះបានមកដល់ស្រុកកាណានហើយ 6អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។ 7អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
8បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ហើយគោរពបម្រើនាមអុលឡោះតាអាឡា។ 9គាត់បន្តដំណើរពីកន្លែងមួយទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។
អ៊ីប្រាំទៅស្នាក់នៅស្រុកអេស៊ីប
10ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ 11ពេលទៅដល់ជិតស្រុកអេស៊ីប គាត់មានប្រសាសន៍ទៅកាន់សារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថា អូនមានរូបស្អាតណាស់។ 12ហេតុនេះ ពេលជនជាតិអេស៊ីបឃើញអូន គេមុខជាពោលថា “នាងនេះជាប្រពន្ធរបស់គាត់!” គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនឲ្យនៅរស់។ 13ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។ 14កាលអ៊ីប្រាំទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់គាត់មានរូបស្អាតណាស់។ 15ពួកមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទៅកាន់ស្តេចហ្វៀរ៉អ៊ូន។ គេក៏នាំសារ៉ាយ ចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ 16រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។ 17ប៉ុន្តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពូជពង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែសារ៉ាយ ជាភរិយារបស់អ៊ីប្រាំ។
18ពេលនោះ ហ្វៀរ៉អ៊ូនកោះហៅអ៊ីប្រាំមកហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថា នាងជាភរិយារបស់អ្នក? 19ហេតុអ្វីបានជាអ្នកថា នាងជាប្អូនទៅវិញ បណ្តាលឲ្យយើងយកនាងមកធ្វើជាប្រពន្ធរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ 20ហ្វៀរ៉អ៊ូនបញ្ជាអ្នកបម្រើឲ្យបើកផ្លូវដល់អ៊ីប្រាំ ចាកចេញទៅជាមួយភរិយារបស់គាត់ ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់ទៅជាមួយផង។
Nke Ahọpụtara Ugbu A:
កំណើតពិភពលោក 12: អគត
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2014 United Bible Societies, UK.