លូកា 24
24
ណាពីអ៊ីសារស់ឡើងវិញ
1នៅថ្ងៃអាទិត្យពេលព្រលឹមស្រាងៗ ស្ដ្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។ 2ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ 3នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញសពរបស់អ៊ីសាជាអម្ចាស់ទេ។ 4ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរជិតនាង។ 5នាងភ័យខ្លាចជាខ្លាំងហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកអ៊ីសាដែលរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? 6[អ៊ីសាមិននៅទីនេះទេ អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីពាក្យ ដែលអ៊ីសាបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា 7“បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងគាត់ តែបីថ្ងៃក្រោយមក គាត់រស់ឡើងវិញ”»។ 8ពួកនាងក៏នឹកឃើញពាក្យរបស់អ៊ីសា។ 9ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ 10ស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូអាន់ និងនាងម៉ារីជាម្ដាយរបស់យ៉ាកកូប។ ថែមស្ដ្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ 11ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។ 12ប៉ុន្តែ ពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿងឆ្ងល់ អំពីហេតុការណ៍ដែលកើតមាននោះ។
សិស្សពីរនាក់ធ្វើដំណើរទៅភូមិអេម៉ោស
13នៅថ្ងៃដដែលនោះ មានសិស្សពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ 14គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។ 15នៅពេលដែលគេកំពុងតែពិភាក្សាគ្នា អ៊ីសាមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ 16គេឃើញអ៊ីសាផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់អ៊ីសាបានឡើយ។ 17អ៊ីសាសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។ 18ម្នាក់ឈ្មោះក្លេវប៉ាសជម្រាបអ៊ីសាថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ 19អ៊ីសាសួរទៅគេថា៖ «តើរឿងអ្វី?»។ គេឆ្លើយថា៖ «គឺរឿងអ៊ីសាជាអ្នកភូមិណាសារ៉ែត។ អុលឡោះ និងប្រជាជនទាំងមូលទទួលស្គាល់ថា គាត់ជាណាពមានអំណាចក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ និងគ្រប់ពាក្យសំដីដែលគាត់បានថ្លែង។ 20ពួកអ៊ីម៉ាំ និងពួកមន្ដ្រីរបស់យើង បានបញ្ជូនគាត់ទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងគាត់ផង។ 21យើងបានសង្ឃឹមថា គាត់នេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ 22មានស្ដ្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម 23តែមិនបានឃើញសពគាត់ទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញម៉ាឡាអ៊ីកាត់មកប្រាប់ថា គាត់មានជីវិតរស់។ 24មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ដ្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញគាត់សោះ»។ 25អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកណាពីបានថ្លែងសោះ!។ 26អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់គាត់»។ 27បន្ទាប់មក អ៊ីសាបកស្រាយសេចក្ដីដែលមានចែងទុក អំពីគាត់នៅក្នុងគីតាបទាំងមូល ចាប់ពីគីតាបណាពីម៉ូសារហូតដល់គីតាបណាពីទាំងអស់។
28លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ អ៊ីសាធ្វើហាក់ដូចជាចង់បន្ដទៅមុខទៀត។ 29គេឃាត់អ៊ីសាថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» អ៊ីសាក៏ចូលទៅស្នាក់នៅជាមួយគេ។ 30អ៊ីសានៅរួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរគុណអុលឡោះ រួចកាច់ប្រទានឲ្យគេ។ 31ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលអ៊ីសាស្គាល់ ប៉ុន្តែ អ៊ីសាបាត់ពីមុខគេទៅ។ 32គេនិយាយគ្នាថា៖ «កាលអ៊ីសាមានប្រសាសន៍មកកាន់យើង ព្រមទាំងបកស្រាយគីតាបឲ្យយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។ 33គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្សទាំងដប់មួយនាក់នៅជុំគ្នា ជាមួយពួកគេឯទៀតៗ 34គេប្រាប់អ្នកទាំងពីរថា៖ «អ៊ីសាជាអម្ចាស់រស់ឡើងវិញពិតប្រាកដមែន ហើយគាត់បានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ 35សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់អ៊ីសា នៅពេលអ៊ីសាកាច់នំបុ័ង។
ពួកសិស្សបានឃើញណាពីអ៊ីសា
36នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ អ៊ីសាជាអម្ចាស់មកនៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។ 37គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ 38អ៊ីសាមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ? 39ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។ 40អ៊ីសាមានប្រសាសន៍ដូច្នោះហើយ ក៏បង្ហាញដៃ និងជើងឲ្យគេឃើញ។ 41សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ អ៊ីសាសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ 42គេយកត្រីអាំងមួយដុំមកឲ្យអ៊ីសា 43អ៊ីសាទទួលយក ហើយពិសានៅមុខពួកគេទាំងអស់គ្នា។ 44បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។ 45អ៊ីសាក៏បំភ្លឺចិត្ដគំនិតគេឲ្យយល់អត្ថន័យគីតាប 46អ៊ីសាមានប្រសាសន៍ថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន គឺអាល់ម៉ាហ្សៀសត្រូវរងទុក្ខលំបាក ហើយរស់ឡើងវិញនៅថ្ងៃទីបី។ 47អ្នករាល់គ្នាត្រូវប្រកាស ក្នុងនាមខ្ញុំ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ 48អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ 49ខ្ញុំនឹងសូមឲ្យរសអុលឡោះមកសណ្ឋិតលើអ្នករាល់គ្នា តាមបន្ទូលសន្យារបស់អុលឡោះជាបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់អុលឡោះប្រទានឲ្យអ្នករាល់គ្នាមានអំណាច»។
ណាពីអ៊ីសាឡើងទៅសូរ៉កា
50បន្ទាប់មក អ៊ីសានាំពួកសិស្សចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ អ៊ីសាលើកដៃឡើង ហើយប្រទានពរឲ្យគេ។ 51នៅពេលដែលអ៊ីសាកំពុងតែប្រទានពរ អុលឡោះលើកយកអ៊ីសាចេញពីគេ ឡើងទៅសូរ៉ក។ 52ក្រោយពីបានថ្វាយបង្គំអ៊ីសារួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ 53គេនៅក្នុងម៉ាស្ជិទ ហើយនាំគ្នាលើកតម្កើងអុលឡោះជានិច្ចនិរន្តរ៍។
Pilihan Saat Ini:
លូកា 24: អគត
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
© 2014 United Bible Societies, UK.