លោកុប្បត្តិ 20

20
លោក​អប្រាហាំ និង​ស្ដេច​អប៊ីម៉ា‌ឡិច
1លោក​អប្រាហាំ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ លោក​បាន​តាំង​ទី​លំ‌នៅ​នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ បន្ទាប់​មក លោក​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។ 2 លោក​អប្រាហាំ​តែង​ប្រាប់​គេ​ថា លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ទេ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ស្រី​សារ៉ា​មក។ 3ពេល​នោះ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។ 4ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ‌ពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ? 5បុរស​នោះ​ទេ​តើ​ដែល​បាន​ប្រាប់​ទូលបង្គំ​ថា​“នាង​ត្រូវ​ជា​ប្អូន​ខ្ញុំ” ហើយ​ស្ត្រី​នោះ​ផ្ទាល់​ក៏​បាន​ប្រាប់​ទូលបង្គំ​ថា​“គាត់​ត្រូវ​ជា​បង​ខ្ញុំ”​ដែរ។ ទូលបង្គំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ចិត្ត​ស្អាត‌ស្អំ​ទេ ហើយ​ដៃ​ទូលបង្គំ​ក៏​ឥត​សៅ‌ហ្មង​ដែរ»។ 6ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ ក្នុង​សុបិន​និមិត្ត​នោះ​ថា៖ «យើង​ក៏​ដឹង​ច្បាស់​ដែរ​ថា អ្នក​ធ្វើ​ដូច្នេះ ដោយ​ចិត្ត​ស្អាត‌ស្អំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ឃាត់​អ្នក កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង។ យើង​មិន​បណ្ដោយ​ឲ្យ​អ្នក​ប៉ះ‌ពាល់​នាង​ឡើយ។ 7ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ព្យាការី ​មួយ​រូប គាត់​នឹង​ទូល‌អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។
8ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ក្រោក​ឡើង​ពី​ព្រលឹម ស្ដេច​កោះ​ហៅ​អ្នក​បម្រើ​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​ហេតុ‌ការណ៍​អស់​ទាំង​នេះ។ ពួក​បម្រើ​របស់​ស្ដេច​ព្រឺ​ខ្លាច​ជា​ខ្លាំង។ 9ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ហៅ​លោក​អប្រាហាំ​មក រួច​មាន​រាជ​ឱង្ការ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​លោក បាន​ជា​លោក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? លោក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។ 10បន្ទាប់​មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «តើ​លោក​មាន​គោល​បំណង​អ្វី​បាន​ជា​ប្រព្រឹត្ត​បែប​នេះ?»។ 11លោក​អប្រាហាំ​តប​ថា៖ «ទូលបង្គំ​នឹក​គិត​ថា នៅ​ស្រុក​នេះ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​មើល​ទៅ គេ​មុខ​ជា​ប្រហារ​ជីវិត​ទូលបង្គំ ព្រោះ​តែ​ប្រពន្ធ​ទូលបង្គំ​មិន​ខាន។ 12មួយ​វិញ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូលបង្គំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ទូលបង្គំ​ដែរ តែ​ម្ដាយ​ទី‌ទៃ​ពី​គ្នា រួច​នាង​ក៏​បាន​រៀបការ​ជា​មួយ​ទូលបង្គំ។ 13នៅ​ពេល​ព្រះ‌ជាម្ចាស់​នាំ​ទូលបង្គំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិ‌សន្ដាន​របស់​ទូលបង្គំ ទូលបង្គំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា​ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។
14ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​យក​ចៀម យក​គោ​ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​នាំ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​មក​ជូន​លោក​អប្រាហាំ ហើយ​ក៏​បាន​ប្រគល់​លោក​ស្រី​សារ៉ា​ជូន​លោក​វិញ​ដែរ។ 15ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ស្រាប់​ហើយ លោក​ចង់​តាំង​ទី​លំ‌នៅ​នៅ​ទី​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។ 16ព្រះអង្គ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ស្រី​សារ៉ា​ថា៖ «ខ្ញុំ​បាន​ឲ្យ​ប្រាក់​សុទ្ធ​ទៅ​បង​របស់​នាង​ចំនួន​មួយ​ពាន់​តម្លឹង ដើម្បី​ទុក​ជា​សញ្ញា​បញ្ជាក់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ថា នាង​ពុំ​បាន​បង់​កិត្តិយស​ឡើយ»។ 17លោក​អប្រាហាំ​បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​មេត្តា​ប្រោស​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ព្រម​ទាំង​មហេសី និង​ពួក​ស្រី​ស្នំ​របស់​ព្រះអង្គ ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​ត​ទៅ​ទៀត​បាន 18ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ស្ត្រីៗ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។

Ընդգծել

Կիսվել

Պատճենել

None

Ցանկանու՞մ եք պահպանել ձեր նշումները ձեր բոլոր սարքերում: Գրանցվեք կամ մուտք գործեք