យ៉ូហាន 3

3
1រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម 2លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ 3ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ 4លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ 5ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ‌វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ 6របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ 7កុំ​ឲ្យ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ 8ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ 9លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន 10ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ 11ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បន្ទាល់​របស់​យើង​ទេ 12បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថាន‌សួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន 13គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន‌សួគ៌​នោះ​ឯង 14ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ‌ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ 15ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ 16ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ 17ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ‌ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ 18ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ 19ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ 20ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ 21តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។
22ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ នឹង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ផង 23ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង 24ដ្បិត​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ 25វេលា​នោះ ពួក​សិស្ស​យ៉ូហាន នឹង​សាសន៍​យូដា​ម្នាក់ កើត​ជជែក​គ្នា ពី​ដំណើរ​លាង​សំអាត 26រួច​គេ​មក​ឯ​យ៉ូហាន​ជំរាប​ថា លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ 27យ៉ូហាន​ឆ្លើយ​ថា គ្មាន​មនុស្ស​ណា​អាច​នឹង​ទទួល​អ្វី​បាន​ទេ លើក​តែ​បាន​ប្រទាន​ពី​ស្ថាន‌សួគ៌​មក​ឲ្យ​ប៉ុណ្ណោះ 28ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ 29អ្នក​ណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្ដី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្តាប់​គាត់ កំពុង​ដែល​រៀប‌ការ នោះ​ក៏​មាន​សេចក្ដី​អំណរ​អរ​ឡើង ដោយ‌សារ​សំឡេង​ប្ដី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ 30ត្រូវ​ឲ្យ​ព្រះ‌អង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ 31ព្រះ‌អង្គ​ដែល​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ ឯ​មនុស្ស​ដែល​នៅ​ផែនដី នោះ​កើត​ពី​ផែនដី​មក ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះ‌អង្គ​ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ នោះ​ខ្ពស់​លើស​ជាង​ទាំង​អស់ 32ទ្រង់​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ ហើយ​ឮ តែ​គ្មាន​អ្នក​ណា​ដែល​ទទួល​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទេ 33អ្នក​ណា​ដែល​ទទួល​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នោះ​បាន​បោះ​ត្រា យល់​ព្រម​ថា ព្រះ‌ទ្រង់​ពិត​ត្រង់​មែន 34ដ្បិត​ព្រះ‌អង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​បន្ទូល​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ប្រទាន​ព្រះ‌វិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ 35ឯ​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ 36ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្ដី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។

હાલમાં પસંદ કરેલ:

យ៉ូហាន 3: ពគប

Highlight

શેર કરો

નકલ કરો

None

Want to have your highlights saved across all your devices? Sign up or sign in