Logo YouVersion
Îcone de recherche

កំណើត​ពិភព​លោក 3

3
1ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់ ដែលអុលឡោះ‌តាអាឡាជា​ម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​អុលឡោះ​ពិត​ជា​មាន​បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ 2ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន 3រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្តាល​សួន​ឧទ្យាន​នោះ​វិញ អុលឡោះ​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ដែរ បើ​ពុំ​នោះ​ទេ យើង​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។ 4ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។ 5ផ្ទុយ​ទៅ​វិញ អុលឡោះ​ដឹង​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ទ្រង់ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។
6ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។ 7ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង បិទ​បាំង​កាយ។
8អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់ ដែល​មក​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យអុលឡោះ‌តាអាឡាជា​ម្ចាស់​មើល​ឃើញ។ 9អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» 10គាត់​ឆ្លើយ​ទៅ​កាន់​អុលឡោះ​វិញ​ថា៖ «ខ្ញុំ​បាន​ឮ​សំឡេង​ទ្រង់ នៅ​ក្នុង​សួន​ឧទ្យាន ខ្ញុំ​ភ័យ​ណាស់ ព្រោះ​ខ្ញុំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពួន»។ 11អុលឡោះ​មាន​បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ 12បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​អុលឡោះ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ខ្ញុំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទាន​ដែរ»។ 13អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្តេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។
14 អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​មក​សត្វ​ពស់​ថា៖
«ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ
ក្នុង​បណ្តា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
ឯង​នឹង​ត្រូវ​បណ្តាសា​ហើយ។
ឯង​ត្រូវ​តែ​លូន​នឹង​ពោះ ហើយ​ស៊ី​តែ​ធូលី​ដី
អស់​មួយ​ជីវិត។
15យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី
ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី
ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា
ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង
ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។
16អុលឡោះ​មាន​បន្ទូល​មក​ស្ត្រី​ថា៖
«នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ
យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង
នាង​នឹង​សំរាល​កូន ទាំង​ឈឺ​ចុក​ចាប់។
តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី
តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។
17អុលឡោះ​មាន​បន្ទូល​មក​អាដាម​ថា៖
«ដោយ​អ្នក​បាន​ស្តាប់​តាម​ពាក្យ​ប្រពន្ធ
ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​ប្រាម​នោះ
ដី​នឹង​ត្រូវ​បណ្តាសា ព្រោះ​តែ​អ្នក។
ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត
យ៉ាង​វេទនា ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។
18ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ
ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង​ឡាយ
ដែល​ដុះ​នៅ​តាម​ទី​វាល។
19អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត ទាំង​បង្ហូរ​ញើស
រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ
ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។
អ្នក​កើត​ពី​ធូលី​ដី
អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។
20បុរស​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​ថា “ហាវ៉ា” ដ្បិត​នាង​ជា​ម្តាយ​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។ 21អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀក​បំពាក់​ឲ្យ​អាដាម និង​ភរិយា​របស់​គាត់។ 22អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់​ដូច​យើង​ដែរ ដូច្នេះ​គួរ​តែ​យើង​រា​រាំង​គេ កុំ​ឲ្យ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្តល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់‌កល្ប​ជា​និច្ច»។
23 អុលឡោះ‌តាអាឡាជា​ម្ចាស់​ក៏​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន ដើម្បី​ឲ្យ​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ទ្រង់​បាន​សូន​បង្កើត​គេ​មក​នោះ។ 24ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​រួច​ហើយ អុលឡោះ​ដាក់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការ‌ពារ​ផ្លូវ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ​ដែល​ផ្តល់​ជីវិត​នោះ​បាន​ឡើយ។

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi