កំណើតពិភពលោក 15
15
អុលឡោះចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ
1ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។ 2អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។ 3គាត់មានប្រសាសន៍ទៀតថា៖ «ទ្រង់ពុំបានប្រទានឲ្យខ្ញុំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើ ក្នុងក្រុមគ្រួសាររបស់ខ្ញុំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីខ្ញុំ»។ 4ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។ 5អុលឡោះនាំគាត់ចេញទៅក្រៅ ហើយមានបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ អុលឡោះមានបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។ 6អ៊ីប្រាំជឿលើអុលឡោះតាអាឡា ហើយទ្រង់រាប់សេចក្តីជំនឿនោះទុកជាសេចក្តីសុចរិតដល់គាត់។
7អុលឡោះមានបន្ទូលមកគាត់ទៀតថា៖ «យើងជាអុលឡោះតាអាឡាដែលបាននាំអ្នកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ 8អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?» 9អុលឡោះមានបន្ទូលមកគាត់ថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។ 10អ៊ីប្រាំក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែគាត់ពុំបានពុះសត្វស្លាបជាពីរទេ។ 11ពេលនោះមានត្មាតមកឆាបសាច់សត្វ តែអ៊ីប្រាំបានដេញវា។ 12នៅពេលថ្ងៃជិតលិច អ៊ីប្រាំលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្តប់លើគាត់។
13 អុលឡោះតាអាឡា មានបន្ទូលមកកាន់អ៊ីប្រាំថា៖ «តោងដឹងថា ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេអស់រយៈពេលបួនរយឆ្នាំ។ 14ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។ 15រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នក ដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។ 16នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កំរិតនៅឡើយ»។
17លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើង ឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។ 18នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត 19ជាស្រុកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី 20ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម 21ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគើកាស៊ី និងស្រុកយេប៊ូស»។
Sélection en cours:
កំណើតពិភពលោក 15: អគត
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
© 2014 United Bible Societies, UK.