លោកុប្បត្តិ 3
3
1ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ 2ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន 3តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ 4រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ 5ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង 6កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម 7នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង 8រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម នឹងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។
9ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា 10គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ 11នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី 12អ័ដាមទូលទ្រង់ថា ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ 13រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន 14រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត 15អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង នឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ 16ទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង 17រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត 18ដីនឹងដុះជាបន្លា ហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ 19ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ 20អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា» ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់ 21នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម នឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។
22រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើលមនុស្សបានត្រឡប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងរាបដរាបទៅ 23ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្តេញគាត់ពីសួនច្បារអេដែនចេញ ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ 24ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
Sélection en cours:
លោកុប្បត្តិ 3: ពគប
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
© BFBS/UBS 1954, 1962. All Rights Reserved.