លោកុប្បត្តិ 7

7
លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។ 2ចូរ​នាំ​សត្វ​ប្រាំ‌ពីរ​គូ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធ មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។ 3ត្រូវ​នាំ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ​ប្រាំ‌ពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល 4ដ្បិត​ប្រាំ‌ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។ 5លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។
6នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។
7 លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​ឲ្យ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។ 8មាន​សត្វ​ទាំង‌ឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សា‌បក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី 9ទាំង​គូៗ មាន​ឈ្មោល មាន​ញី​នាំ​គ្នា​ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ណូអេ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ។
10ប្រាំ‌ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។ 11 ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជម្រៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។ 12ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់។ 13នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។ 14សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សា‌បក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។ 15សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ 16គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ព្រះ‌អម្ចាស់​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។
17ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង ហើយ​លើក​ទូក​ធំ​ឲ្យ​អណ្ដែត​ឡើង​ផុត​ពី​ដី។ 18ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កម្ពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្ដែត​ពី​លើ​ផ្ទៃ​ទឹក។ 19ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​ឲ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។ 20ទឹក​ជន់​លិច​ភ្នំ​ទាំង‌ឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ 21សត្វ​លោក​ទាំង‌ឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សា‌បក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។ 22អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត និង​រស់​នៅ​លើ​ដី​គោក​ក៏​ស្លាប់​អស់​ទៅ។ 23ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។ 24ទឹក​ជន់​នៅ​នឹង​ថ្កល់​លើ​ផែនដី អស់​រយៈ​ពេល​មួយ​រយ​ហា‌សិប​ថ្ងៃ។

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään