លោកុប្បត្តិ 6

6
ទឹក​ជំនន់​ធំ
ព្រះ‌ជាម្ចាស់​សម្រេច​ដាក់​ទោស​មនុស្ស​លោក
1 មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។ 2កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ ​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស‌រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។
3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កម្រិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។
4 សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។
5 ព្រះ‌អម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លម្អៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។ 6ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ។ 7ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។
8ប៉ុន្តែ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណូអេ។
ព្រះ‌ជាម្ចាស់​រក្សា​ទុក​ក្រុម​គ្រួសារ​លោក​ណូអេ
9 នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់។
10លោក​ណូអេ​បាន​បង្កើត​កូន​ប្រុស​បី​នាក់ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។
11គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល‌ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ទៀត​ផង។ 12ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារ‌យាទ​ខិល‌ខូច​អាក្រក់។ 13ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឲ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។
14ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។ 15អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ: ទូក​ធំ​នោះ​មាន​បណ្ដោយ​បី​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ។ 16អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កម្ពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី។ 17រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ 18ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។ 19អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​ឲ្យ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។ 20សត្វ​មួយ​គូៗ ក្នុង​ពូជ​នីមួយៗ​នឹង​នាំ​គ្នា​មក​រក​អ្នក ដើម្បី​ឲ្យ​បាន​រួច​ជីវិត គឺ​មាន​សត្វ​ស្លាប សត្វ​ស្រុក សត្វ​លូន​វារ​នៅ​លើ​ដី។ 21អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សម្រាប់​បរិភោគ និង​ទុក​ជា​ចំណី​សម្រាប់​សត្វ​ដែរ»។ 22 លោក​ណូអេ​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​លោក​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់។

اکنون انتخاب شده:

លោកុប្បត្តិ 6: គខប

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید