Logo de YouVersion
Ícono Búsqueda

លោកុប្បត្តិ 9

9
ព្រះ‌ជាម្ចាស់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​ណូអេ
1 ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាស‌ពេញ​ផែនដី​ទៅ! 2សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សា‌បក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។ 3សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា គឺ​យើង​ឲ្យ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​ឲ្យ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។ 4 ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។ 5ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​ឲ្យ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។
6 អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស
អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ
មិន​ខាន។
ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។ 7 ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ‌ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស‌ពេញ​លើ​ផែនដី​ចុះ»។
8ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖ 9«យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ 10ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។ 11យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយ‌សារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។ 12ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ 13គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។ 14ពេល​ណា​យើង​ប្រមូល​ពពក​ឲ្យ​មូល​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។ 15ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។ 16ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដ៏​នៅ​ស្ថិត‌ស្ថេរ​ជា​អង្វែង​ត​រៀង​ទៅ ជា​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។ 17ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ឥន្ទធនូ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់ នៅ​លើ​ផែនដី»។
មនុស្ស​លោក​ពី​ជំនាន់​លោក​ណូអេ រហូត​ដល់​ជំនាន់​លោក​អប្រាហាំ
លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក
18កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។ 19កូន​ប្រុស​ទាំង​បី​របស់​លោក​ណូអេ​បាន​បង្កើត​កូន​ចៅ​នៅ​ពាស‌ពេញ​លើ​ផែនដី​ឡើង​វិញ។
20លោក​ណូអេ​បាន​ភ្ជួរ​រាស់​ដី ដាំ​ចម្ការ​ទំពាំង‌បាយជូរ មុន​គេ​បង្អស់។ 21លោក​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ ហើយ​ស្រវឹង របូត​ខោ‌អាវ​នៅ​ក្នុង​ជំរំ​របស់​លោក។ 22លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បងប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។ 23ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។ 24ពេល​លោក​ណូអេ​ស្វាង​ស្រា ហើយ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កូន​ពៅ​របស់​លោក​ធ្វើ 25លោក​ក៏​ពោល​ថា៖
«កាណាន​ត្រូវ​បណ្ដាសា​ហើយ!
សូម​ឲ្យ​បងប្អូន​របស់​វា​ប្រើ​វា
ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។
26លោក​ពោល​ទៀត​ថា៖
«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​សិម
សូម​ឲ្យ​កាណាន​បាន​ទៅ​ជា
ទាសករ​របស់​សិម​ចុះ!
27សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យ៉ាផេត
មាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅ
ក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណាន
បាន​ទៅ​ជា​ទាសករ​របស់​អ្នក​ទាំង​ពីរ»។
28ក្រោយ​ទឹក​ជំនន់​ធំ លោក​ណូអេ​រស់​បាន​បី​រយ​ហា‌សិប​ឆ្នាំ​ទៀត។ 29លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហា‌សិប​ឆ្នាំ បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព។

Destacar

Compartir

Copiar

None

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión