លោកុប្បត្តិ 16
16
កំណើតអ៊ីសម៉ាអែល
1រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ 2ហើយលោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «មើល៍! ព្រះយេហូវ៉ាបានបង្ខាំងមិនឲ្យខ្ញុំមានកូនទេ ដូច្នេះ សូមលោកអញ្ជើញចូលទៅឯស្រីបម្រើរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារនាង»។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យរបស់លោកស្រីសារ៉ាយ។ 3ដូច្នេះ ក្រោយពីលោកអាប់រ៉ាមរស់នៅស្រុកកាណានបានដប់ឆ្នាំ លោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម បានប្រគល់នាងហាការជាសាសន៍អេស៊ីព្ទ ដែលជាបាវបម្រើរបស់ខ្លួន ទៅឲ្យលោកអាប់រ៉ាមជាប្ដី ធ្វើជាប្រពន្ធ។ 4លោកបានចូលទៅឯនាងហាការ ហើយនាងក៏មានទម្ងន់។ កាលនាងដឹងថាខ្លួនមានទម្ងន់ដូច្នេះ នាងមានចិត្តមើលងាយចៅហ្វាយរបស់ខ្លួន។ 5លោកស្រីសារ៉ាយពោលទៅលោកអាប់រ៉ាមថា៖ «សូមឲ្យកំហុសរបស់ខ្ញុំធ្លាក់ទៅលើលោកចុះ! ខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅលោកឱប ឥឡូវនេះ កាលវាដឹងថាមានទម្ងន់ហើយ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងលោកនឹងខ្ញុំចុះ!»។ 6ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។
7ទេវតារបស់ព្រះយេហូវ៉ាឃើញនាងនៅទីរហោស្ថាន ជិតក្បាលទឹកមួយ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅស្រុកស៊ើរ។ 8ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។ 9ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។ 10ទេវតារបស់ព្រះយេហូវ៉ាក៏ពោលទៅនាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជរបស់នាងមានចំនួនច្រើនឥតគណនា គ្មានអ្នកណាអាចរាប់បានឡើយ»។ 11ទេវតារបស់ព្រះយេហូវ៉ាពោលមកនាងទៀតថា៖
«មើល៍! នាងមានទម្ងន់ហើយ
ហើយនាងនឹងបង្កើតបានកូនប្រុសមួយ
នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល
ដ្បិតព្រះយេហូវ៉ាបានឮពីទុក្ខលំបាក
របស់នាងហើយ។
12កូននេះនឹងបានដូចជាលាព្រៃ
នៅកណ្ដាលមនុស្ស
ដៃរបស់វាបានទាស់នឹងមនុស្សទាំងអស់
ហើយដៃរបស់មនុស្សទាំងអស់
ក៏ទាស់នឹងវាវិញដែរ
ហើយវានឹងតាំងទីលំនៅ
នៅមុខបងប្អូនទាំងអស់របស់វា»។
13ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។ 14ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។
15នាងហាការបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលហាការបង្កើតនោះថា "អ៊ីសម៉ាអែល"។ 16នៅពេលនាងហាការបង្កើតអ៊ីសម៉ាអែលឲ្យលោកអាប់រ៉ាម លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
Actualmente seleccionado:
លោកុប្បត្តិ 16: គកស១៦
Destacar
Compartir
Copiar
¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
© 2016 United Bible Societies