Revelation 6
6
1 ពេលកូនចៀមបកត្រាមួយក្នុងចំណោមត្រាទាំងប្រាំពីរ នោះខ្ញុំបានឃើញ ហើយបានឮសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយដូចជាសំឡេងផ្គរលាន់ថា៖ «ចូរមក!»
2 ខ្ញុំក៏ឃើញសេះសមួយមក ហើយអ្នកជិះនៅលើវាកាន់ធ្នូ និងបានទទួលមកុដមួយ រួចបានចេញទៅទាំងមានជ័យជម្នះ ដើម្បីយកឈ្នះ។
3 ពេលកូនចៀមបកត្រាទីពីរ នោះខ្ញុំឮសត្វមានជីវិតទីពីរនិយាយថា៖ «ចូរមក!»
4 នោះមានសេះមួយទៀតមក មានសម្បុរក្រហម ហើយអ្នកជិះនៅលើវាបានទទួលអំណាចដកយកសេចក្ដីសុខសាន្ដចេញពីផែនដី និងធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយគាត់បានទទួលដាវមួយយ៉ាងធំ។
5 ពេលកូនចៀមបកត្រាទីបី នោះខ្ញុំឮសត្វមានជីវិតទីបីនិយាយថា៖ «ចូរមក!» ខ្ញុំក៏ឃើញសេះខ្មៅមួយមក ហើយអ្នកជិះនៅលើវាកាន់ជញ្ជីងមួយនៅក្នុងដៃ
6 ហើយខ្ញុំបានឮដូចជាមានសំដៅមួយនៅកណ្ដាលសត្វមានជីវិតទាំងបួននិយាយថា៖ «ស្រូវសាលីមួយនាលិថ្លៃមួយឌេណារី ហើយស្រូវបាឡេបីនាលិក៏ថ្លៃមួយឌេណារីដែរ ប៉ុន្ដែកុំធ្វើឲ្យប្រេង និងស្រាទំពាំងបាយជូខូចឡើយ!»។
7 ពេលកូនចៀមបកត្រាទីបួន នោះខ្ញុំបានឮសំឡេងសត្វមានជីវិតទីបួននិយាយថា៖ «ចូរមក!»
8 ខ្ញុំក៏ឃើញសេះមួយសម្បុរស្លេកស្លាំង ហើយអ្នកជិះនៅលើវាឈ្មោះសេចក្ដីស្លាប់ ហើយស្ថាននរកបានមកតាមក្រោយអ្នកនោះ។ សេចក្ដីស្លាប់ និងស្ថាននរកបានទទួលសិទ្ធិអំណាចលើផែនដីមួយភាគបួនដើម្បីសម្លាប់ដោយដាវ ដោយគ្រោះអត់ឃ្លាន ដោយជំងឺអាសន្នរោគ និងដោយសត្វសាហាវនៅលើផែនដី។
9 ពេលកូនចៀមបកត្រាទីប្រាំ ខ្ញុំក៏ឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងរបស់ពួកអ្នកដែលគេបានសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយព្រោះសេចក្ដីបន្ទាល់ដែលពួកគេបានប្រកាន់យក
10 អ្នកទាំងនោះស្រែកដោយសំឡេងខ្លាំងៗថា៖ «ឱព្រះអម្ចាស់ជាព្រះដ៏បរិសុទ្ធ និងយុត្ដិធម៌អើយ! តើពេលណាទើបព្រះអង្គជំនុំជម្រះពួកអ្នកដែលរស់នៅលើផែនដី ហើយសងសឹកឲ្យឈាមរបស់យើង?»
11 ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។
12 ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំក៏ឃើញថា មានការរញ្ជួយដីយ៉ាងខ្លាំងកើតឡើង ដួងអាទិត្យត្រលប់ជាងងឹតដូចជាក្រណាត់ធ្វើពីរោមពណ៌ខ្មៅ ហើយលោកខែទាំងមូលក៏ត្រលប់ដូចជាឈាម
13 រីឯផ្កាយលើមេឃក៏ធ្លាក់ចុះមកផែនដី ដូចជាផ្លែល្វាខ្ចីៗជ្រុះពីដើមដោយត្រូវខ្យល់ធំបក់ប៉ះ
14 ហើយផ្ទៃមេឃបានបាត់ទៅដូចជាគេមូរអត្ថបទគម្ពីរទុក ហើយគ្រប់ទាំងភ្នំ និងកោះក៏ត្រូវបានរើចេញពីកន្លែងរបស់វាដែរ។
15 នោះពួកស្ដេចនៅផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ និងពួកបាវបម្រើ ព្រមទាំងពួកអ្នកជាទាំងឡាយបានលាក់ខ្លួននៅក្នុងរអាងភ្នំ និងនៅតាមក្រហែងថ្មភ្នំ
16 ទាំងនិយាយទៅភ្នំ និងថ្មថា៖ «ចូរធ្លាក់មកលើយើង ហើយបំបាំងយើងពីព្រះភក្រ្តរបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមចុះ
17 ដ្បិតថ្ងៃដ៏អស្ចារ្យនៃសេចក្ដីក្រោធរបស់ព្រះអង្គ និងរបស់កូនចៀមបានមកដល់ហើយ តើអ្នកណាអាចទ្រាំបាន?»
Currently Selected:
Revelation 6: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.