Jude 1
1
1 ខ្ញុំយូដាស ជាបាវបម្រើរបស់ព្រះយេស៊ូគ្រិស្ដ ហើយជាបងប្អូនរបស់លោកយ៉ាកុប ជូនចំពោះអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ គឺអស់អ្នកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាស្រឡាញ់ ហើយរក្សាទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ
2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្ដាករុណា សេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងៗ។
3 បងប្អូនជាទីស្រឡាញ់អើយ! នៅពេលខ្ញុំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីសរសេរមកឯអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងបានទទួលរួមគ្នា នោះខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធមួយដងជាសម្រេច។
4 ដ្បិតមានមនុស្សខ្លះបានជ្រៀតចូលមកដោយលួចលាក់ គឺជាពួកដែលត្រូវបានកត់ទុកតាំងពីដើមមកសម្រាប់ការជំនុំជម្រះនេះ ពួកគេជាមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ គេបានផ្លាស់ប្ដូរព្រះគុណរបស់ព្រះជាម្ចាស់នៃយើងទៅការល្មោភកាម ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងទេ។
5 អ្នករាល់គ្នាបានដឹងសេចក្ដីទាំងនេះរួចហើយ ប៉ុន្ដែខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជាជនរបស់ព្រះអង្គឲ្យចេញផុតពីទឹកដីស្រុកអេស៊ីព្ទ ក្រោយមកទៀត ព្រះអង្គក៏បំផ្លាញពួកអ្នកដែលមិនជឿ
6 រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ
7 ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងផ្សេងទៀតដែលនៅជុំវិញនោះដែរ ដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយដេញតាមចំណង់រួមភេទខុសធម្មតា ដូចជាពួកទេវតាទាំងនោះដែរ ពួកគេត្រលប់ជាគំរូអំពីការទទួលទណ្ឌកម្មនៅក្នុងភ្លើងអស់កល្បជានិច្ច។
8 ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ហើយធ្វើឲ្យរូបកាយទៅជាស្មោកគ្រោក ទាំងបដិសេធអំណាចគ្រប់គ្រង និងជេរប្រមាថដល់ពួកអ្នកដែលប្រកបដោយសិរីរុងរឿងផង។
9 រីឯមហាទេវតាមីកែល ពេលគាត់ជជែកដេញដោល និងឈ្លោះប្រកែកជាមួយអារក្សសាតាំងអំពីសពរបស់លោកម៉ូសេ នោះគាត់មិនហ៊ានចោទប្រកាន់វាដោយពាក្យម្រមាថឡើយ គឺគាត់បាននិយាយថា៖ «សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ»។
10 រីឯអ្នកទាំងនោះវិញ ពួកគេប្រមាថអ្វីៗដែលខ្លួនមិនស្គាល់ ហើយអ្វីៗដែលពួកគេស្គាល់តាមធម្មតាដូចសត្វតិរិច្ឆាន ពួកគេនឹងវិនាសដោយសារសេចក្ដីទាំងនោះវិញ។
11 វេទនាដល់អ្នកទាំងនោះហើយ ពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោរបស់កូរេ
12 មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស
13 ពួកគេជារលកសមុទ្រដ៏កំណាច ដែលបែកពពុះចេញជាសេចក្ដីអាម៉ាស់របស់ខ្លួនឯង ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យសុងអស់កល្បជានិច្ចបានបម្រុងទុកសម្រាប់ពួកគេ។
14 លោកហេណុកដែលជាតំណទីប្រាំពីរបន្ទាប់ពីលោកអ័ដាម គាត់បានថ្លែងទុកអំពីមនុស្សទាំងនោះថា មើល៍ ព្រះអម្ចាស់បានយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជាច្រើនអនេក
15 ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយបង្ហាញពួកគេគ្រប់គ្នាឲ្យដឹងកំហុសអំពីការប្រព្រឹត្ដិទាំងឡាយរបស់ពួកគេដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់ដែលពួកគេបានប្រព្រឹត្ដ និងអំពីពាក្យសំដីអសុរោះទាំងឡាយដែលមនុស្សបាបមិនគោរពកោតខ្លាចព្រះជាម្ចាស់បាននិយាយទាស់នឹងព្រះអង្គ។
16 មនុស្សទាំងនោះជាពួករអ៊ូរទាំ ហើយត្អូញត្អែរ ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់របស់ពួកគេនិយាយពាក្យអួតអាង ពួកគេតែងតែបញ្ចើចបញ្ចើមនុស្ស ដើម្បីផលប្រយោជន៍។
17 បងប្អូនជាទីស្រឡាញ់អើយ! ចូរនឹកចាំពីពាក្យដែលពួកសាវករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានប្រាប់ជាមុនរួចហើយ។
18 ពួកគាត់បានប្រាប់អ្នករាល់គ្នាថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអក ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។
19 អ្នកទាំងនេះជាអ្នកធ្វើឲ្យមានការបែកបាក់ ជាមនុស្សខាងសាច់ឈាម ហើយគ្មានព្រះវិញ្ញាណទេ។
20 រីឯអ្នករាល់គ្នាវិញ បងប្អូនជាទីស្រឡាញ់អើយ! ចូរស្អាងខ្លួនឡើងនៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចុះ
21 ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចុះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង សម្រាប់ជីវិតអស់កល្បជានិច្ច។
22 ចូរមេត្តាដល់អ្នកខ្លះដែលសង្ស័យ
23 ហើយជួយសង្គ្រោះអ្នកដទៃ ដោយឆក់យកពួកគេចេញពីភ្លើងផង។ ចូរមេត្តាដល់អ្នកខ្លះទៀត ទាំងភ័យខ្លាច ព្រមទាំងស្អប់ខ្ពើម សូម្បីតែអាវដែលស្មោកគ្រោកដោយសាររូបកាយរបស់គេ។
24 សូមឲ្យព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល និងបានដាក់អ្នករាល់គ្នាឲ្យនៅពីមុខសិរីរុងរឿងរបស់ព្រះអង្គដោយឥតបន្ទោសបាន និងដោយមានអំណរ
25 គឺជាព្រះជាម្ចាស់តែមួយដែលជាព្រះអង្គសង្គ្រោះរបស់យើង តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង បានប្រកបដោយសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាំងពីមុនអស់កល្បជានិច្ច ទាំងនៅពេលឥឡូវនេះដរាបអស់កល្បជានិច្ច។ អាម៉ែន។
Currently Selected:
Jude 1: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.