សាការី 14
14
ជ័យជម្នះ និងការសោយរាជ្យរបស់ព្រះយេហូវ៉ា
1មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ ជាថ្ងៃដែលគេយកជ័យភណ្ឌពីអ្នក ចែកគ្នានៅកណ្ដាលអ្នក។ 2ដ្បិតយើងនឹងប្រមូលប្រជាជាតិទាំងអស់មកដើម្បីច្បាំងនឹងយេរូសាឡិម។ ទីក្រុងនោះនឹងត្រូវបានចាប់យក ផ្ទះសម្បែងនឹងត្រូវបានប្លន់ ហើយស្រីៗនឹងត្រូវបានរំលោភ។ ពាក់កណ្ដាលនៃអ្នកក្រុងនឹងចេញទៅជាឈ្លើយសឹក ប៉ុន្តែប្រជាជនឯទៀតនឹងមិនត្រូវបានកាត់ចេញពីទីក្រុងនោះឡើយ។
3ពេលនោះ ព្រះយេហូវ៉ានឹងចេញទៅច្បាំងនឹងប្រជាជាតិទាំងនោះ ដូចថ្ងៃដែលព្រះអង្គច្បាំងក្នុងថ្ងៃនៃចម្បាំង។ 4នៅថ្ងៃនោះ ព្រះបាទារបស់ព្រះអង្គនឹងឈរលើភ្នំដើមអូលីវ ដែលនៅទល់មុខយេរូសាឡិមនៅទិសខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវបានពុះជាពីរដោយជ្រលងភ្នំដ៏ធំក្រៃលែង ពីទិសខាងកើតទៅទិសខាងលិច រហូតដល់ពាក់កណ្ដាលនៃភ្នំនឹងរើចេញទៅទិសខាងជើង ហើយពាក់កណ្ដាលទៀតទៅទិសខាងត្បូង។ 5អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
6នៅថ្ងៃនោះ នឹងគ្មានពន្លឺ ហើយដួងពន្លឺនឹងកក។ 7ថ្ងៃនោះជាថ្ងៃដ៏ប្លែកដែលព្រះយេហូវ៉ាទ្រង់ស្គាល់ គឺគ្មានពេលថ្ងៃ ឬពេលយប់ឡើយ ប៉ុន្តែនៅពេលល្ងាចនឹងមានពន្លឺ។
8នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីយេរូសាឡិម ពាក់កណ្ដាលនៃទឹកនោះនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលទៀតនឹងហូរទៅសមុទ្រនៅទិសខាងលិច វានឹងបានដូច្នោះទាំងក្នុងរដូវក្ដៅ និងក្នុងរដូវរងា។ 9ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។ 10ទឹកដីទាំងមូលចាប់ពីកេបា រហូតដល់រីម៉ូននៅខាងត្បូងយេរូសាឡិម នឹងត្រឡប់ជាដូចវាលរហោស្ថាន ប៉ុន្តែយេរូសាឡិមនឹងនៅខ្ពស់ ហើយស្ថិតនៅកន្លែងដើម គឺចាប់ពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងនៃទ្វារដំបូង និងរហូតដល់ទ្វារជ្រុងកំពែង ព្រមទាំងពីប៉មហាណានាល រហូតដល់ទីបញ្ជាន់ផ្លែរបស់ស្ដេច។ 11គេនឹងរស់នៅក្នុងយេរូសាឡិម ហើយលែងមានការញែកចេញបំផ្លាញទៀតឡើយ គឺយេរូសាឡិមនឹងនៅដោយសុខដុមរមនាវិញ។
12គ្រោះកាចដែលព្រះយេហូវ៉ានឹងវាយអស់ទាំងប្រជាជាតិដែលបានច្បាំងនឹងយេរូសាឡិម គឺដូចតទៅ: សាច់ពួកគេនឹងរលួយទៅ ខណៈដែលពួកគេនៅឈរដោយជើង ភ្នែកពួកគេនឹងរលួយក្នុងរន្ធភ្នែក ហើយអណ្ដាតពួកគេនឹងរលួយក្នុងមាត់។ 13នៅថ្ងៃនោះ ចលាចលយ៉ាងធំពីព្រះយេហូវ៉ានឹងកើតឡើងក្នុងពួកគេ បានជាម្នាក់ៗនឹងចាប់អ្នកជិតខាងរបស់ខ្លួនត្រង់ដៃ ហើយលើកដៃទាស់នឹងដៃអ្នកជិតខាងរបស់ខ្លួន។ 14សូម្បីតែយូដាក៏នឹងច្បាំងនៅយេរូសាឡិម ហើយប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស និងប្រាក់ ព្រមទាំងសម្លៀកបំពាក់យ៉ាងច្រើនសន្ធឹក។ 15រីឯគ្រោះកាចដូចគ្រោះកាចខាងលើ នឹងកើតមានដល់សេះ លាកាត់ អូដ្ឋ លា និងសត្វស្រុកទាំងអស់ដែលនៅក្នុងជំរំទាំងនោះដែរ។
16ពេលនោះនឹងមានកើតឡើងដូច្នេះ: អស់អ្នកដែលនៅសល់ពីគ្រប់ទាំងប្រជាជាតិដែលមកទាស់នឹងយេរូសាឡិម នឹងឡើងមករៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារ និងដើម្បីប្រារព្ធបុណ្យបោះជំរំ។ 17ប្រសិនបើអម្បូរណានៅលើផែនដី មិនឡើងទៅយេរូសាឡិម ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារទេ នោះនឹងគ្មានភ្លៀងដល់ពួកគេឡើយ។ 18ប្រសិនបើពូជអម្បូរអេហ្ស៊ីបមិនឡើងទៅ គឺមិនមកទេ នោះនឹងគ្មានភ្លៀងដល់ពួកគេដែរ ជាគ្រោះកាចដែលព្រះយេហូវ៉ានឹងវាយបណ្ដាប្រជាជាតិដែលមិនឡើងទៅប្រារព្ធបុណ្យបោះជំរំ។ 19នេះហើយ ជាការដាក់ទោសដល់អេហ្ស៊ីប និងជាការដាក់ទោសដល់អស់ទាំងប្រជាជាតិដែលមិនឡើងមកប្រារព្ធបុណ្យបោះជំរំ។
20នៅថ្ងៃនោះ នឹងមានសរសេរនៅលើកណ្ដឹងសេះថា “វិសុទ្ធដល់ព្រះយេហូវ៉ា” ហើយឆ្នាំងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ាក៏នឹងបានដូចជាចាននៅមុខអាសនាដែរ។ 21គ្រប់ទាំងឆ្នាំងនៅយេរូសាឡិម និងយូដា នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ានៃពលបរិវារ រហូតដល់អស់អ្នកដែលថ្វាយយញ្ញបូជានឹងមកយកឆ្នាំងទាំងនោះ ហើយស្ងោរសាច់ក្នុងវា។ នៅថ្ងៃនោះ នឹងគ្មានជនជាតិកាណាន#14:21 ជនជាតិកាណាន―ឬ “ឈ្មួញ”។នៅក្នុងដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារទៀតឡើយ៕៚
Currently Selected:
សាការី 14: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative