ម៉ាថាយ 5
5
ការបង្រៀននៅលើភ្នំ
1នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ 2ដូច្នេះព្រះអង្គក៏បើកព្រះឱស្ឋបង្រៀនពួកគេថា៖
ព្រះពរទាំងប្រាំបី
3 “មានពរហើយ អ្នកដែលក្រខ្សត់ខាងវិញ្ញាណ
ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។
4 មានពរហើយ អ្នកដែលកាន់ទុក្ខ
ដ្បិតពួកគេនឹងទទួលការសម្រាលទុក្ខ។
5 មានពរហើយ អ្នកដែលបន្ទាបខ្លួន
ដ្បិតពួកគេនឹងទទួលផែនដីជាមរតក។
6 មានពរហើយ អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត
ដ្បិតពួកគេនឹងបានស្កប់ស្កល់។
7 មានពរហើយ អ្នកដែលមានចិត្តមេត្តា
ដ្បិតពួកគេនឹងទទួលសេចក្ដីមេត្តាវិញ។
8 មានពរហើយ អ្នកដែលមានចិត្តបរិសុទ្ធ
ដ្បិតពួកគេនឹងឃើញព្រះ។
9 មានពរហើយ អ្នកដែលបង្កើតសន្តិភាព
ដ្បិតពួកគេនឹងត្រូវបានហៅថាកូនរបស់ព្រះ។
10 មានពរហើយ អ្នកដែលត្រូវគេបៀតបៀនដោយសារតែសេចក្ដីសុចរិត
ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។
11 “អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។ 12ចូរអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំងចុះ ពីព្រោះរង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ពួកគេបានបៀតបៀនបណ្ដាព្យាការីដែលនៅមុនអ្នករាល់គ្នាយ៉ាងនោះដែរ។
អ្នកជឿជាអំបិល និងពន្លឺ
13 “អ្នករាល់គ្នាជាអំបិលនៃផែនដី។ ប៉ុន្តែប្រសិនបើអំបិលបាត់រសជាតិ តើនឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? វាគ្មានប្រយោជន៍សម្រាប់អ្វីទៀតទេ មានតែត្រូវបោះចោលទៅខាងក្រៅ ហើយត្រូវមនុស្សដើរជាន់ប៉ុណ្ណោះ។
14 “អ្នករាល់គ្នាជាពន្លឺនៃពិភពលោក។ ទីក្រុងដែលស្ថិតនៅលើភ្នំមិនអាចលាក់បានឡើយ 15ក៏គ្មានអ្នកណាអុជចង្កៀង ហើយដាក់ក្រោមថាំងដែរ គឺគេដាក់លើជើងចង្កៀងវិញ ទើបវាបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ 16ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ព្រះគ្រីស្ទជាអ្នកបំពេញក្រឹត្យវិន័យ
17 “កុំគិតថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរព្យាការីឡើយ ខ្ញុំមកមិនមែនដើម្បីលុបបំបាត់ទេ គឺដើម្បីបំពេញឲ្យសម្រេចវិញ។ 18ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាផ្ទៃមេឃ និងផែនដីផុតទៅក៏ដោយ ក៏គ្មានក្បៀសមួយ ឬបន្តក់មួយត្រូវផុតពីក្រឹត្យវិន័យសោះឡើយ រហូតទាល់តែអ្វីៗទាំងអស់បានសម្រេច។ 19ដូច្នេះ អ្នកណាក៏ដោយដែលល្មើសបទបញ្ជាមួយតូចបំផុតក្នុងបទបញ្ជាទាំងនេះ ហើយបង្រៀនគេឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវបានហៅថាអ្នកតូចបំផុតក្នុងអាណាចក្រស្ថានសួគ៌។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលប្រព្រឹត្តតាម ព្រមទាំងបង្រៀនបទបញ្ជាទាំងនេះ អ្នកនោះនឹងត្រូវបានហៅថាអ្នកធំក្នុងអាណាចក្រស្ថានសួគ៌។ 20ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែសេចក្ដីសុចរិតរបស់អ្នករាល់គ្នា លើសជាងសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នាចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
ឃាតកម្មចាប់ផ្ដើមពីក្នុងចិត្ត
21 “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលត្រូវបានបង្គាប់ដល់មនុស្សសម័យបុរាណថា: ‘កុំសម្លាប់មនុស្ស។ # 5:21 《និក្ខមនំ》 20:13; 《ទុតិយកថា》 5:17។ អ្នកណាក៏ដោយដែលសម្លាប់មនុស្ស នឹងជួបការកាត់ទោស’។ 22ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួន#5:22 ឯកសារបុរាណខ្លះបន្ថែម “ដោយគ្មានហេតុផល”។នឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។ 23ដូច្នេះ ប្រសិនបើអ្នកយកតង្វាយរបស់អ្នកមកអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនរបស់អ្នកមានអ្វីមួយទាស់នឹងអ្នក 24ចូរទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅផ្សះផ្សានឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នកវិញ។ 25ចូរស្រុះស្រួលនឹងគូវិវាទរបស់អ្នកជាប្រញាប់ ខណៈដែលនៅតាមផ្លូវជាមួយអ្នកនោះនៅឡើយ ក្រែងលោគូវិវាទនោះប្រគល់អ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅតម្រួត ហើយអ្នកនឹងជាប់គុក។ 26ប្រាកដមែន ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ រហូតទាល់តែអ្នកបានសងអស់ ទោះជាមួយកូដ្រាន#5:26 កូដ្រាន―លុយកាក់ធ្វើពីលង្ហិនរបស់រ៉ូម៉ាំង។ 1កូដ្រាន=1/64នៃថ្លៃឈ្នួល1ថ្ងៃ។ចុងក្រោយ។
ផិតក្បត់នៅក្នុងចិត្ត
27 “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មក # 5:27 សេចក្ដីដែលបានបង្គាប់មក―ឯកសារបុរាណខ្លះថា “សេចក្ដីដែលត្រូវបានបង្គាប់ដល់មនុស្សសម័យបុរាណ”។ ថា:‘កុំផិតក្បត់’ # 5:27 《និក្ខមនំ》 20:14; 《ទុតិយកថា》 5:18។ ។ 28ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ 29ប្រសិនបើភ្នែកស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវទម្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។ 30ប្រសិនបើដៃស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវធ្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
ព្រមានអំពីការលែងលះ
31 “មានសេចក្ដីដែលបានបង្គាប់មកទៀតថា:‘អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួន ត្រូវប្រគល់លិខិតលែងលះដល់នាង’ # 5:31 《ទុតិយកថា》 24:1។ ។ 32ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន កំពុងធ្វើឲ្យនាងទៅជាមនុស្សផិតក្បត់ហើយ លើកលែងតែក្នុងករណីអំពើអសីលធម៌ខាងផ្លូវភេទ រីឯអ្នកណាក៏ដោយដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងផិតក្បត់ដែរ។
និយាយការពិត
33 “មួយវិញទៀត អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សសម័យបុរាណថា:‘កុំស្បថដោយកុហក។ ចូរធ្វើតាមពាក្យសម្បថរបស់អ្នកចំពោះព្រះអម្ចាស់’ # 5:33 《លេវីវិន័យ》 19:12; 《ជនគណនា》 30:2; 《ទុតិយកថា》 23:21។ ។ 34ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ កុំស្បថដោយអាងមេឃ ពីព្រោះមេឃជាបល្ល័ង្ករបស់ព្រះ; 35កុំស្បថដោយអាងផែនដី ពីព្រោះផែនដីជាកំណល់ព្រះបាទារបស់ព្រះ; កុំស្បថដោយអាងយេរូសាឡិម ពីព្រោះយេរូសាឡិមជាក្រុងរបស់ស្ដេចដ៏ធំឧត្ដម; 36កុំស្បថដោយអាងក្បាលរបស់អ្នក ពីព្រោះអ្នកមិនអាចធ្វើឲ្យសក់មួយសរសៃទៅជាស ឬខ្មៅបានឡើយ។ 37ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាជា ‘មែន’ គឺ ‘មែន’; ‘ទេ’ គឺ ‘ទេ’។ អ្វីដែលលើសពីនេះ គឺមកពីមេអាក្រក់។
ចូរធ្វើល្អតបនឹងការអាក្រក់
38 “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា:‘ភ្នែកសម្រាប់ភ្នែក ធ្មេញសម្រាប់ធ្មេញ’ # 5:38 《និក្ខមនំ》 21:24; 《លេវីវិន័យ》 24:20; 《ទុតិយកថា》 19:21។ ។ 39ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតទល់នឹងមនុស្សអាក្រក់ឡើយ។ ផ្ទុយទៅវិញ បើមានអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេផង; 40ចំពោះអ្នកដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យទាំងអាវវែងដល់គេផង; 41បើមានអ្នកណាបង្ខំអ្នកឲ្យទៅមួយម៉ៃល៍#5:41 មួយម៉ៃល៍―1ម៉ៃល៍=1,500ម៉ែត្រ។ចូរទៅពីរម៉ៃល៍ជាមួយគេចុះ; 42ចូរឲ្យដល់អ្នកដែលសុំអ្នក ហើយកុំបែរចេញពីអ្នកដែលចង់ខ្ចីពីអ្នកឡើយ។
ស្រឡាញ់ខ្មាំងសត្រូវ
43 “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា: ‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក # 5:43 《លេវីវិន័យ》 19:18។ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក’។ 44ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា#5:44 ឯកសារបុរាណខ្លះបន្ថែម “ឲ្យពរដល់អ្នកដែលដាក់បណ្ដាសាអ្នករាល់គ្នា ធ្វើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា”។ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀន#5:44 ឯកសារបុរាណខ្លះថា “មួលបង្កាច់ និងបៀតបៀន”។អ្នករាល់គ្នា 45ដើម្បីឲ្យអ្នករាល់គ្នាទៅជាកូនរបស់ព្រះបិតាដែលគង់នៅស្ថានសួគ៌។ ដ្បិតព្រះអង្គទ្រង់ធ្វើឲ្យថ្ងៃរះឡើងទាំងលើមនុស្សអាក្រក់ និងមនុស្សល្អ ហើយបង្អុរភ្លៀងទាំងលើមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។ 46តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ? 47ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃ#5:47 សាសន៍ដទៃ―ឯកសារបុរាណខ្លះថា “អ្នកទារពន្ធ”។ក៏មិនធ្វើដូច្នោះដែរទេឬ? 48ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
Currently Selected:
ម៉ាថាយ 5: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative