YouVersion Logo
Search Icon

ម៉ាឡាគី 2

2
ដាស់តឿនពួកបូជាចារ្យ
1ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឥឡូវនេះ ពួក​បូជាចារ្យ​អើយ នេះ​ជា​សេចក្ដីបង្គាប់​ដល់​អ្នករាល់គ្នា​។ 2ប្រសិនបើ​អ្នករាល់គ្នា​មិន​ស្ដាប់តាម ប្រសិនបើ​អ្នករាល់គ្នា​មិន​យកចិត្តទុកដាក់​ថ្វាយ​សិរីរុងរឿង​ដល់​នាម​របស់យើង​ទេ នោះ​យើង​នឹង​បញ្ជូន​បណ្ដាសា​មក​លើ​អ្នករាល់គ្នា ហើយ​ដាក់បណ្ដាសា​ដល់​ពរ​របស់អ្នករាល់គ្នា​ផង​។ មែនហើយ យើង​បាន​ដាក់បណ្ដាសា​ហើយ ដោយព្រោះ​អ្នករាល់គ្នា​មិន​បាន​យកចិត្តទុកដាក់”។
3ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​នឹង​ស្ដីបន្ទោស​ពូជពង្ស​របស់​អ្នករាល់គ្នា ព្រមទាំង​ជះ​លាមក​លើ​មុខ​របស់អ្នករាល់គ្នា ជា​លាមក​ពី​យញ្ញបូជានៃពិធីបុណ្យ​របស់អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវបាន​យកចេញ​ជាមួយ​លាមកនោះ​។ 4គឺយ៉ាងនេះឯង​ដែល​អ្នករាល់គ្នា​នឹង​ដឹង​ថា យើង​បាន​បញ្ជូន​សេចក្ដីបង្គាប់​នេះ​មក​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​សម្ពន្ធមេត្រី​របស់យើង​បាន​ស្ថិតនៅ​ជាមួយ​លេវី​។ 5សម្ពន្ធមេត្រី​របស់យើង​ជាមួយ​លេវី គឺ​សម្ពន្ធមេត្រី​នៃ​ជីវិត និង​សេចក្ដីសុខសាន្ត​។ យើង​បាន​ផ្ដល់​សេចក្ដីទាំងនេះ​ដល់​គាត់ ដើម្បីឲ្យ​មាន​ការខ្លាចក្រែង នោះ​គាត់​ក៏​ខ្លាចក្រែង​យើង ព្រមទាំង​កោតខ្លាច​នៅចំពោះ​នាម​របស់យើង​ផង​។ 6សេចក្ដីបង្រៀន​នៃ​សេចក្ដីពិត​មាន​នៅក្នុង​មាត់​របស់គាត់ ហើយក៏​គ្មាន​សេចក្ដីទុច្ចរិត​ណា​ត្រូវបាន​រកឃើញ​លើ​បបូរមាត់​របស់គាត់​ឡើយ​។ គាត់​បាន​ដើរ​ជាមួយ​យើង​ក្នុង​សេចក្ដីសុខសាន្ត និង​សេចក្ដីយុត្តិធម៌ ហើយ​គាត់​បាន​បង្វែរ​មនុស្ស​ជាច្រើន​ឲ្យមកវិញ​ចេញពី​អំពើទុច្ចរិត​។ 7ដូច្នេះ បបូរមាត់​របស់​បូជាចារ្យ​ត្រូវតែ​រក្សា​ចំណេះដឹង ហើយ​មនុស្ស​ត្រូវតែ​ស្វែងរក​សេចក្ដីបង្រៀន​ពី​មាត់​របស់គេ ពីព្រោះ​គេ​ជា​អ្នកនាំសារ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”។
8ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​បាន​បែរចេញ​ពី​ផ្លូវត្រឹមត្រូវ ក៏​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ជំពប់ដួល​នឹង​សេចក្ដីបង្រៀន ហើយ​បាន​បង្ខូច​សម្ពន្ធមេត្រី​របស់​លេវី​។ 9ដោយហេតុនេះ យើង​បាន​ធ្វើឲ្យ​អ្នករាល់គ្នា​ត្រូវគេ​មើលងាយ និង​បាន​តូចទាប​នៅចំពោះ​ប្រជាជាតិ​ទាំងអស់ ពីព្រោះ​អ្នករាល់គ្នា​មិន​រក្សា​ផ្លូវ​របស់យើង គឺ​រើសមុខ​ក្នុង​សេចក្ដីបង្រៀន​វិញ”។
ការក្បត់របស់យូដា
10តើ​យើង​ទាំងអស់គ្នា​មិនមែន​មាន​ឪពុក​តែមួយគត់​ទេ​ឬ​? តើ​មិនមែន​ព្រះ​តែមួយអង្គគត់​ទេ​ឬ ដែល​និម្មិតបង្កើត​យើងរាល់គ្នា​? ហេតុអ្វីបានជា​យើង​ក្បត់​គ្នាទៅវិញទៅមក ទាំង​បន្ទាបបន្ថោក​សម្ពន្ធមេត្រី​របស់​ដូនតា​យើង​ដូច្នេះ​? 11យូដា​បាន​ក្បត់ ព្រមទាំង​ប្រព្រឹត្ត​អំពើគួរឲ្យស្អប់ខ្ពើម នៅក្នុង​អ៊ីស្រាអែល និង​យេរូសាឡិម​។ ដ្បិត​យូដា​បាន​បន្ទាបបន្ថោក​ទីវិសុទ្ធ​របស់​ព្រះយេហូវ៉ា​ដែល​ខ្លួន​បាន​ស្រឡាញ់ ហើយ​បាន​រៀបការ​ជាមួយ​កូនស្រី​របស់​ព្រះ​ដទៃ​។ 12ចំពោះ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ដូច្នេះ សូមឲ្យ​ព្រះយេហូវ៉ា​កាត់​ពួកគេ​ចេញ​ពី​រោង​របស់​យ៉ាកុប គឺសូម្បីតែ​អ្នកដែល​ភ្ញាក់ខ្លួន និង​អ្នកដែល​ឆ្លើយតប ព្រមទាំង​អ្នកដែល​ថ្វាយ​តង្វាយ​ដល់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ផង​។
13នេះ​ជារឿង​មួយទៀត​ដែល​អ្នករាល់គ្នា​ធ្វើ គឺ​អ្នករាល់គ្នា​គ្រប​អាសនា​របស់​ព្រះយេហូវ៉ា​ដោយ​ទឹកភ្នែក ការយំសោក និង​សម្រែកថ្ងូរ ដោយព្រោះ​ព្រះអង្គ​មិន​បែរមក ឬ​ទទួល​តង្វាយ​ពី​ដៃ​របស់អ្នករាល់គ្នា​ទៀត ដោយ​ការគាប់ព្រះហឫទ័យ​។
14អ្នករាល់គ្នា​នៅតែ​សួរថា​៖ “ម្ដេចក៏ដូច្នេះ​?”។ គឺ​ដោយព្រោះ​ព្រះយេហូវ៉ា​បាន​ធ្វើជាសាក្សី​រវាង​អ្នក និង​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក ដែល​អ្នក​បាន​ក្បត់​នាង ទោះបី​នាង​ជា​ដៃគូ​របស់អ្នក និង​ជា​ប្រពន្ធ​នៃ​សម្ពន្ធមេត្រី​របស់អ្នក​ក៏ដោយ​។ 15តើ​ព្រះអង្គ​មិន​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​តែមួយ ទាំង​ឲ្យមាន​ចំណែក​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ទេ​ឬ​? ចុះ​ព្រះ​តែមួយ​ទ្រង់​ស្វែងរក​អ្វី​? គឺ​ពូជពង្ស​របស់​ព្រះ​នោះឯង​! ដូច្នេះ ចូរ​រក្សា​វិញ្ញាណ​របស់អ្នករាល់គ្នា កុំ​ក្បត់​ប្រពន្ធ​កាលពីនៅ​យុវវ័យ​របស់អ្នក​ឡើយ​។
16ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល​មានបន្ទូលថា​៖ “យើង​ស្អប់​ការលែងលះ ក៏​ស្អប់​អ្នកដែល​គ្របបាំង​សម្លៀកបំពាក់​របស់ខ្លួន​ដោយ​អំពើហិង្សា​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ ចូរ​រក្សា​វិញ្ញាណ​របស់អ្នករាល់គ្នា ហើយ​កុំ​ក្បត់​ឡើយ”។
ព្រះយេហូវ៉ានឹងយាងមកវិញ
17អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះយេហូវ៉ា​នឿយណាយ​ដោយ​ពាក្យសម្ដី​របស់អ្នករាល់គ្នា ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​នឿយណាយ​យ៉ាងដូចម្ដេច​?”។ គឺ​អ្នករាល់គ្នា​ពោលថា​៖ “អស់អ្នក​ដែល​ធ្វើ​អាក្រក់ គឺ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​គេ” ឬក៏ “តើ​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​នៅ​ឯណា​?”៕

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in