Λογότυπο YouVersion
Εικονίδιο αναζήτησης

លោកុ‌ប្បត្តិ 1

1
ការ​បង្កើត​អ្វីៗ​សព្វ​សារពើ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ និង​ថ្ងៃ​សប្ប័ទ
1កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ 2ផែន‌ដី​គ្មាន​រូប​រាង នៅ​ទទេ មាន​តែ​ភាព​ងងឹត​នៅ​គ្រប​លើ​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ​ក៏​រេរា​ពី​លើ​ផ្ទៃ​ទឹក។ 3ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរឲ្យ​មាន​ពន្លឺ» នោះ​ពន្លឺ​ក៏​មាន​ឡើង ។ 4ព្រះ‌ទ្រង់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ហើយ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ 5ព្រះ​ហៅ​ពន្លឺ​ថា "ថ្ងៃ" ហើយ​ហៅ​ភាព​ងងឹត​ថា "យប់" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​មួយ។
6បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​លំហ​មួយ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។ 7ព្រះ​បាន​ធ្វើ​ឲ្យ​មាន​លំហ ហើយ​ញែក​ទឹក​ដែល​នៅ​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​លំហ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 8ព្រះ​ហៅ​លំហ​នោះ​ថា "មេឃ" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​ពីរ។
9បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ក្រោម​មេឃ ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​ឡើង» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 10ព្រះ​ហៅ​ទី​គោក​នោះ​ថា "ដី" ហើយ​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា "សមុទ្រ" ព្រះ​ក៏​ទត​ឃើញ​ថា​ល្អ។ 11ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​‌ដី​ដុះ​ចេញ​ជា​តិណ‌ជាតិ ជា​ធញ្ញជាតិ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​ដែល​មាន​ផ្លែ​តាម​ពូជ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ​នោះនៅ​លើ​ផែន​ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 12ដី​ក៏​ដុះ​ចេញជា​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ និង​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។ 13នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​បី។
14បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ សម្រាប់​ទុក​ជា​ទី​សម្គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ 15ហើយ​សម្រាប់​ជា​តួ​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 16ព្រះ​បាន​បង្កើត​តួ​ពន្លឺ​ធំៗ​ពីរ មួយ​ដែល​ធំ​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ និង​មួយ​ដែល​តូច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយ​ដែរ។ 17ព្រះ​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី 18គឺ​ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត រួច​ព្រះ​ទត​ឃើញ​ថា​ល្អ។ 19នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​បួន។
20បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​កើត​មាន​មច្ឆា‌ជាតិ​រស់​រវើក និង​បក្សា‌បក្សី​ហើរ​ពី​លើ​ផែន​ដី នៅ​ក្នុង​លំហ​អាកាស»។ 21ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។ 22ព្រះ​បាន​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ច​ម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​បាន​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី​ដែរ»។ 23នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំ។
24បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យផែន​ដី​កើត​ចេញ​ជា​ពពួក​សត្វ​ចតុប្បាទ​តាម​ពូជ គឺ​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 25ព្រះ​បាន​បង្កើត​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​លើ​ដី​តាម​ពូជ​របស់​វា​ដែរ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។
26ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។
27ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់
គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង
ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។
28ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។ 29ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។ 30យើង​ក៏​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 31ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

Επιλέχθηκαν προς το παρόν:

លោកុ‌ប្បត្តិ 1: គកស១៦

Επισημάνσεις

Κοινοποίηση

Αντιγραφή

None

Θέλετε να αποθηκεύονται οι επισημάνσεις σας σε όλες τις συσκευές σας; Εγγραφείτε ή συνδεθείτε