លោកុប្បត្តិ 7
7
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅណូអេថា ត្រូវឲ្យឯងនឹងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ 2ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង 3ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី 4ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់ ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដីចេញ 5នោះណូអេក៏ធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
6ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី 7ហើយណូអេ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីគាត់ ក៏នាំគ្នាចូលទៅក្នុងទូក ដោយព្រោះទឹកជន់ 8ឯសត្វជើង៤ទាំងស្អាតទាំងមិនស្អាត នឹងសត្វស្លាប ហើយសត្វលូនវារនៅដីគ្រប់មុខ 9ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ 10រួចដល់ផុតពី៧ថ្ងៃនោះមក ជំនន់ក៏ឡើងលើផែនដី 11គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ 12មានភ្លៀងធ្លាក់មកលើផែនដី៤០ថ្ងៃ៤០យប់ 13គឺនៅថ្ងៃនោះឯងដែលណូអេ សិម ហាំ នឹងយ៉ាផែត ជាកូនគាត់ ហើយប្រពន្ធណូអេ នឹងកូនប្រសាស្រីទាំង៣បានចូលទៅក្នុងទូកទាំងអស់គ្នា 14ទាំងខ្លួនគេហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ នឹងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់ 15ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត 16ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត 17លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង 18ជំនន់នោះបានមានកំឡាំងក្រៃលែង ក៏កាន់តែចំរើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក 19ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗនៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ 20រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់ 21គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី នឹងមនុស្សក៏ស្លាប់ទាំងអស់ដែរ 22គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់ 23គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ នឹងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ 24ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។
Επιλέχθηκαν προς το παρόν:
លោកុប្បត្តិ 7: ពគប
Επισημάνσεις
Κοινοποίηση
Αντιγραφή
Θέλετε να αποθηκεύονται οι επισημάνσεις σας σε όλες τις συσκευές σας; Εγγραφείτε ή συνδεθείτε
© BFBS/UBS 1954, 1962. All Rights Reserved.