លោកុប្បត្តិ 4

4
កាអ៊ីន និងអេបិល
1រីឯ​មនុស្ស​បាន​រួមដំណេក​ជាមួយ​អេវ៉ា​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កាអ៊ីន​។ នាង​និយាយថា​៖ “ខ្ញុំ​បាន​ទទួល​មនុស្សប្រុស​ម្នាក់​ដោយ​ជំនួយពី#4:1 ជំនួយពី―ជាពាក្យជំនួយ។​ព្រះយេហូវ៉ា”។ 2បន្ទាប់មក នាង​បង្កើត​បាន​អេបិល​ប្អូនប្រុស​របស់កាអ៊ីន​ទៀត​។ អេបិល​ជា​អ្នកឃ្វាលចៀម រីឯ​កាអ៊ីន​ជា​អ្នក​ភ្ជួររាស់​ដី​។ 3លុះក្រោយមក កាអ៊ីន​បាន​យក​ភោគផល​ពី​ដី​មក ជា​តង្វាយ​ថ្វាយ​ព្រះយេហូវ៉ា 4រីឯ​អេបិល​ក៏​យក​កូនដំបូង​ដ៏ល្អបំផុត#4:4 កូនដំបូងដ៏ល្អបំផុត―ឬ “កូនដំបូង ព្រមទាំងខ្លាញ់របស់វា”។​ពី​ហ្វូងចៀម​របស់គាត់​មក​ដែរ​។ ព្រះយេហូវ៉ា​បាន​សព្វព្រះហឫទ័យ​នឹង​អេបិល ព្រមទាំង​តង្វាយ​របស់គាត់ 5ប៉ុន្តែ​ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​កាអ៊ីន និង​តង្វាយ​របស់គាត់​ឡើយ​។ កាអ៊ីន​ក៏​ក្ដៅក្រហាយ​យ៉ាងខ្លាំង ហើយ​គាត់​ក៏​ធ្លាក់ទឹកមុខ​។
6ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “ម្ដេចក៏​អ្នក​ក្ដៅក្រហាយ​? ម្ដេចក៏​អ្នក​ធ្លាក់ទឹកមុខ​ដូច្នេះ​? 7ប្រសិនបើ​អ្នក​ធ្វើល្អ តើ​មិន​ត្រូវបាន​ទទួលយក​ទេ​ឬ​?#4:7 តើមិនត្រូវបានទទួលយកទេឬ​?―ឬ “តើមិនគួរងើបមុខឡើងទេឬ​?”។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ធ្វើល្អ នោះ​បាប​ក្រាប​នៅ​មាត់ទ្វារ​ហើយ​។ បំណងប្រាថ្នា​របស់វា​គឺមាន​ចំពោះ​អ្នក ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប់គ្រង​លើ​វា​វិញ”។
8បន្ទាប់មក កាអ៊ីន​និយាយ​ជាមួយ​អេបិល​ប្អូនប្រុស​របស់ខ្លួន#4:8 កាអ៊ីន​និយាយជាមួយអេបិល​ប្អូនប្រុស​របស់ខ្លួន―ឯកសារបុរាណខ្លះថា “កាអ៊ីន​និយាយនឹងអេបិល​ប្អូនប្រុស​របស់ខ្លួនថា៖ ‘មក៍! យើងនាំគ្នាចេញទៅទីវាល’”។​។ លុះក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ពួកគេ​នៅ​ទីវាល កាអ៊ីន​ក៏​ក្រោកឡើង​ទាស់នឹង​អេបិល​ប្អូនប្រុស​របស់ខ្លួន ហើយ​សម្លាប់​គាត់​។
9ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “អេបិល​ប្អូនប្រុស​របស់អ្នក​នៅ​ឯណា​?”។ គាត់​ទូលថា​៖ “ទូលបង្គំ​មិន​ដឹង​ទេ​។ តើ​ទូលបង្គំ​ជា​អ្នកយាម​ប្អូនប្រុស​របស់ទូលបង្គំ​ឬ​?”។
10នោះ​ព្រះអង្គ​មានបន្ទូលថា​៖ “តើ​អ្នក​បាន​ធ្វើ​អ្វី​? សម្រែក​ឈាម​របស់​ប្អូនប្រុស​អ្នក កំពុង​ស្រែក​មកកាន់​យើង​ពី​ដី​។ 11ឥឡូវនេះ អ្នក​ត្រូវបណ្ដាសា​ហើយ គឺ​ពី​ដី​ដែល​បាន​ហា​មាត់​វា​ទទួល​ឈាម​របស់​ប្អូនប្រុស​អ្នក​ពី​ដៃ​អ្នក​។ 12កាលណា​អ្នក​ភ្ជួររាស់​ដី វា​នឹង​លែង​ផ្ដល់​ភោគផល​របស់វា​ដល់​អ្នក​ទៀត​ហើយ​។ អ្នក​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី”។
13កាអ៊ីន​ក៏​ទូល​ព្រះយេហូវ៉ា​ថា​៖ “ទោស​របស់ទូលបង្គំ​ធ្ងន់​ហួស​នឹង​ទ្រាំទ្រ​បាន​។ 14មើល៍! ថ្ងៃនេះ​ព្រះអង្គ​បាន​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ទឹកដី​នេះ ដូច្នេះ​ទូលបង្គំ​ត្រូវ​លាក់ខ្លួន​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ#4:14 ទូលបង្គំ​ត្រូវ​លាក់ខ្លួន​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ―ឬ “ទូលបង្គំ​ត្រូវបានបំបាំង​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ”។​។ ទូលបង្គំ​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី ហើយ​អស់អ្នក​ដែល​ឃើញ​ទូលបង្គំ មុខជា​សម្លាប់​ទូលបង្គំ​មិនខាន”។
15ព្រះយេហូវ៉ា​មានបន្ទូល​នឹង​គាត់​ថា​៖ “បើដូច្នេះ អ្នកណាក៏ដោយ​ដែល​សម្លាប់​កាអ៊ីន ត្រូវ​សងសឹក​អ្នកនោះ​មួយជាប្រាំពីរ”។ រួច​ព្រះយេហូវ៉ា​ក៏​ដាក់​សញ្ញា​មួយ​លើ​កាអ៊ីន ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ឃើញ​គាត់ វាយសម្លាប់​គាត់​ឡើយ​។ 16បន្ទាប់មក កាអ៊ីន​ក៏​ចេញ​ពី​ចំពោះ​ព្រះយេហូវ៉ា ហើយ​ទៅ​រស់នៅ​ក្នុង​ដែនដី​ណូឌ នៅ​ខាងកើត​អេដែន​។
ពូជអម្បូររបស់កាអ៊ីន
17កាអ៊ីន​បាន​រួមដំណេក​ជាមួយ​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​ហេណុក​។ ពេលនោះ កាអ៊ីន​បាន​សង់​ទីក្រុង​មួយ ហើយ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា​ហេណុក តាម​ឈ្មោះ​កូនប្រុស​របស់គាត់​។ 18បន្ទាប់មក ហេណុក​បង្កើត​អ៊ីរ៉ាឌ អ៊ីរ៉ាឌ​បង្កើត​មហ៊ូយ៉ែល មហ៊ូយ៉ែល​បង្កើត​មទូសែល មទូសែល​បង្កើត​ឡាមេក​។ 19ឡាមេក​យក​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​អ័ដា ហើយ​ម្នាក់ទៀត​ឈ្មោះ​ស៊ីឡា​។ 20អ័ដា​បង្កើត​យ៉ាបាល​ដែល​ជា​ដូនតា​របស់​អ្នកដែល​រស់នៅ​ក្នុង​រោង ហើយ​មាន​ហ្វូងសត្វស្រុក​។ 21ប្អូនប្រុស​របស់គាត់​ឈ្មោះ​យូបាល ជា​ដូនតា​របស់​មនុស្ស​ទាំងអស់​ដែល​លេង​ពិណហាប និង​ខ្លុយ​។ 22រីឯ​ស៊ីឡា​ក៏​បង្កើត​ទូបាល-កាអ៊ីន ដែល​ជា​ជាងបង្រៀន​អស់ទាំង​ជាង​លង្ហិន និង​ជាង​ដែក ហើយ​ប្អូនស្រី​ទូបាល-កាអ៊ីន​ឈ្មោះ​ណាអាម៉ា​។
23ឡាមេក​និយាយ​នឹង​ពួក​ប្រពន្ធ​របស់គាត់​ថា​៖
“អ័ដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សំឡេង​របស់ខ្ញុំ​!
ពួក​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀងត្រចៀក​នឹង​ពាក្យ​របស់ខ្ញុំ​!
ដ្បិត​ខ្ញុំ​បាន​សម្លាប់​មនុស្សប្រុស​ម្នាក់​ដោយសារ​វា​ធ្វើឲ្យ​ខ្ញុំ​រងរបួស
ខ្ញុំ​បាន​សម្លាប់​កំលោះ​ម្នាក់​ដោយសារ​វា​វាយ​ខ្ញុំ​ឲ្យជាំ​។
24ប្រសិនបើ​ត្រូវ​សងសឹក​ឲ្យ​កាអ៊ីន​មួយជាប្រាំពីរ
នោះ​ត្រូវ​សងសឹក​ឲ្យ​ឡាមេក​មួយជាចិតសិបប្រាំពីរ”។
សេថជំនួសអេបិល
25អ័ដាម​បាន​រួមដំណេក​ជាមួយ​ប្រពន្ធ​របស់គាត់​ម្ដងទៀត នោះ​នាង​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់ ហើយ​ដាក់ឈ្មោះ​វា​ថា​សេថ ដ្បិត​នាងនិយាយថា#4:25 នាងនិយាយថា―ជាពាក្យជំនួយ។​៖ “ព្រះ​បាន​តាំង​ពូជពង្ស​ម្នាក់ទៀត​ឲ្យ​ខ្ញុំ ជំនួស​អេបិល​ដែល​កាអ៊ីន​បាន​សម្លាប់”។ 26សេថ​ក៏​បង្កើត​កូនប្រុស​ម្នាក់​ដែរ គាត់​ដាក់ឈ្មោះ​វា​ថា​អេណុស​។ នៅគ្រានោះ គេ​ចាប់ផ្ដើម​ស្រែកហៅ#4:26 ស្រែកហៅ―ឬ “ប្រកាស”។​ព្រះនាម​របស់​ព្រះយេហូវ៉ា​៕

Markering

Del

Kopiér

None

Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind

YouVersion bruger cookies til at personliggøre din oplevelse. Når du bruger vores hjemmeside, accepterer du vores brug af cookies som beskrevet i vores privatlivspolitik