Logo YouVersion
Eicon Chwilio

Matthew 4

4
1 បន្ទាប់​មក​ ព្រះវិញ្ញាណ​បាន​នាំ​ព្រះយេស៊ូ​ទៅ​ទីរហោឋាន​ ឲ្យ​អារក្ស​សាតាំង​ល្បួង​
2 បន្ទាប់​ពី​បាន​តម​អាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក​ ព្រះអង្គ​ឃ្លាន។​
3 មេល្បួង​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំងនេះ​ត្រលប់ជា​នំប៉័ង​ទៅ»​
4 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​នំប៉័ង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះជាម្ចាស់​មក»។​
5 បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​បរិសុទ្ធ​ ហើយ​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះ​វិហារ​
6 រួច​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»​
7 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ទៀត​ថា​ កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​
8 បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់​ រួច​បង្ហាញ​នគរ​ទាំងអស់​នៅ​ផែនដី​ និង​សិរីរុងរឿង​របស់​នគរ​ទាំងនោះ​ដល់​ព្រះអង្គ​
9 ហើយ​វា​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ​ ខ្ញុំ​នឹង​ឲ្យ​របស់​ទាំងអស់​នេះ​ដល់​អ្នក»​
10 នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «អារក្ស​សាតាំង​ ចេញ​ទៅ!​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​
11 ដូច្នេះ​ អារក្ស​សាតាំង​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ ហើយ​មើល៍!​ ពួក​ទេវតា​ក៏​ចូល​មក​ជិត​ និង​បម្រើ​ព្រះអង្គ។​
12 កាល​ឮ​ថា​ គេ​បាន​ចាប់​លោក​យ៉ូហាន​ ព្រះអង្គ​ក៏​យាង​ទៅ​ស្រុក​កាលីឡេ។​
13 ពេល​ចាក​ចេញ​ពី​ក្រុង​ណាសារ៉ែត​មក​ ព្រះអង្គ​ទៅ​រស់នៅ​ក្នុង​ក្រុង​កាពើណិម​ ស្ថិត​នៅ​ជិត​បឹង​ក្នុង​ស្រុក​សាប់យូឡូន​ និង​ស្រុក​ណែបថាលី​
14 នោះ​ក៏​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​
15 «ស្រុក​សាប់យូឡូន​ និង​ស្រុក​ណែបថាលី​ ស្ថិត​នៅ​តាម​ផ្លូវ​មាត់​បឹង​នៅ​ឯ​នាយ​អូរ​យ័រដាន់​ ជា​ស្រុក​កាលីឡេ​របស់​សាសន៍​ដទៃ​
16 ប្រជាជន​ដែល​អង្គុយ​នៅក្នុង​សេចក្ដី​ងងឹត​បាន​ឃើញ​ពន្លឺ​មួយ​ដ៏​អស្ចារ្យ​ ហើយ​មាន​ពន្លឺ​មួយ​រះ​ឡើង​ក្នុង​ចំណោម​ពួក​អ្នក​អង្គុយ​នៅក្នុង​ស្រុក​ និង​នៅក្នុង​ស្រមោល​នៃ​សេចក្ដី​ស្លាប់»​
17 ចាប់​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់ផ្ដើម​ប្រកាស​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រែចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»។​
18 ពេល​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ​ គឺ​លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ និង​លោក​អនទ្រេ​ជា​ប្អូន​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​
19 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»​
20 ភ្លាម​នោះ​ ពួកគេ​ក៏​ទុក​សំណាញ់​ចោល​ រួច​ដើរ​តាម​ព្រះអង្គ​តែ​ម្ដង។​
21 កាល​យាង​ហួស​ទីនោះ​បន្ដិច​ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត​ គឺ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ​ កំពុង​ជួសជុល​សំណាញ់​ក្នុង​ទូក​ជាមួយ​លោក​សេបេដេ​ជា​ឪពុក​ ព្រះអង្គ​ក៏​ហៅ​អ្នក​ទាំង​ពីរ​នោះ​
22 ភ្លាម​នោះ​ ពួកគេ​ក៏​ចាក​ចេញ​ពី​ទូក​ និង​ឪពុក​របស់​ពួកគេ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​
23 ព្រះអង្គ​បាន​យាង​ទៅ​ពាសពេញ​ស្រុក​កាលីឡេ​ បង្រៀន​នៅក្នុង​សាលា​ប្រជុំ​នានា​របស់​ពួកគេ​ ហើយ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ និង​បាន​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ក្នុង​ចំណោម​ប្រជាជន​ឲ្យ​បាន​ជា​ផង‍។​
24 កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​
25 បណ្ដាជន​ច្រើន​កុះករ​មក​ពី​ស្រុក​កា​លីឡេ​ ស្រុក​ដេកាប៉ូល​ ក្រុង​យេរូសាឡិម​ ស្រុក​យូដា​ និង​ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​បាន​ដើរ​តាម​ព្រះអង្គ។​

Dewis Presennol:

Matthew 4: KCB

Uwcholeuo

Rhanna

Copi

None

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda