Logo YouVersion
Ikona vyhledávání

លូកា 18

18
រឿង​ប្រៀប​ធៀប​អំពី​ស្ដ្រី​មេម៉ាយ និង​ចៅ‌ក្រម​ទុច្ចរិត
1បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។ 2ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត​ខ្លាច​ដល់​ព្រះ ក៏​មិន​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ឡើយ។ 3នៅ​ក្នុង​ក្រុង​នោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ចេះ​តែ​មក​និយាយ​ទទូច​នឹង​លោក​នោះ​ថា "សូម​លោករក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង"។ 4លោក​ចេះ​តែ​បដិសេធ​អស់​ពេល​ជា​យូរ តែ​ក្រោយ​មក​លោក​គិត​ក្នុង​ចិត្ត​ថា "ទោះ​បើ​ខ្ញុំ​មិន​ខ្លាច​ដល់​ព្រះ ឬ​កោត​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ 5តែ​ព្រោះ​នាង​ចេះ​តែ​មក​រំខាន​ខ្ញុំ​ខ្លាំង​ឡើងៗ ខ្ញុំ​នឹង​ត្រូវ​ជំនុំ‌ជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ថែម​ទៀត"»។ 6ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ពិចារណា​សេចក្តី​ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ។ 7តើ​ព្រះ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​រើស​តាំង​របស់​ព្រះ‌អង្គ ដែល​អំពាវ​នាវ​រក​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? តើ​ព្រះ‌អង្គ​ចេះ​តែ​ពន្យា​ពេល​មិន​ជួយ​ពួក​គេ​ឬ? 8ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​នោះ​ក្នុង​ពេល​ឆាប់​មិន​ខាន ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កាល​ណា​កូន​មនុស្ស​យាង​មក តើ​ព្រះ‌អង្គ​នឹង​ឃើញ​មាន​ជំនឿ​លើ​ផែនដី​ឬ​ទេ?»
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ផារិស៊ី និង​អ្នក​ទារពន្ធ
9ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត ទៅ​កាន់​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​ខ្លួន​គេ​ថា​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ​ថា 10«មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ម្នាក់​ជា​ផារិស៊ី ម្នាក់​ទៀត​ជា​អ្នក​យកពន្ធ។ 11អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា "ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ផិតក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​នេះ​ទេ។ 12ទូល‌បង្គំ​តម​ក្នុង​មួយ​អាទិត្យ​ពីរ​ដង ហើយ​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​របស់​ទាំង​អម្បាល‌ម៉ាន​ដែល​ទូល‌បង្គំ​រក​បាន"។ 13ឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា "ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​មនុស្ស​បាប​ផង"។ 14ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជាង​អ្នក​មួយ​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​បាន​លើក​តម្កើង​វិញ»។
ព្រះ‌យេស៊ូវ​ប្រទាន​ពរ​ក្មេងៗ
(ម៉ាថាយ ១៩.១៣-១៥ ម៉ាកុស ១០.១៣-១៦)
15មាន​គេ​នាំ​ក្មេង​តូចៗ​មក​រក​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ពាល់​ពួក​គេ តែ​ពេល​ពួក​សិស្ស​បាន​ឃើញ ក៏​បន្ទោស​ដល់​គេ។ 16ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​កូន​ក្មេង​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ។ 17ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់ព្រះ‌អង្គ​មិនបាន​ឡើយ»។
នាម៉ឺន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប
(ម៉ាថាយ ១៩.១៦-៣០ ម៉ាកុស ១០.១៧-៣១)
18មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ឱ​លោក​គ្រូ​ល្អ​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន ជីវិត​អស់‌កល្ប​ជានិច្ច​ទុក​ជា​មត៌ក?» 19ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា គ្រូ​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឡើយ មាន​តែ​មួយ​អង្គ​ប៉ុណ្ណោះ គឺ​ជា​ព្រះ។ 20អ្នក​បាន​ស្គាល់​ព្រះឱវាទ​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា "កុំ​ផិត​ឲ្យ​សោះ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​លួច​ឲ្យ​សោះ កុំ​ធ្វើ​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក‌ម្តាយ"» ។ 21គាត់​ទូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ»។ 22ពេល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ខ្វះ​សេចក្តី​មួយ​ទៀត ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌​វិញ រួច​មក​តាម​ខ្ញុំ​ចុះ»។ 23ប៉ុន្តែ ពេល​គាត់​បាន​ឮ​សេចក្តី​ទាំង​នេះ​ហើយ ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។ 24ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ណាស់ 25ការ​ដែល​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។
26ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ?» 27ព្រះ‌អង្គ​មាន​បន្ទូល​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»។
28បន្ទាប់​មក ពេត្រុស​ទូល​ថា៖ «មើល៍! យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ព្រះ‌អង្គ​ហើយ»។ 29ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង ប្រពន្ធ​កូន បង‌ប្អូ​ន ឬ​ឪពុក‌ម្តាយ ដោយ​យល់​ដល់​ព្រះរាជ្យ​របស់​ព្រះ 30អ្នក​នោះ​មិន​ត្រឹម​តែ​ទទួល​បាន​ច្រើន​ក្នុង​សម័យ​នេះ​ឡើយ តែ​នឹង​បាន​ជីវិត​រស់​អស់‌កល្ប​ជានិច្ច​នៅ​ឯ​បរលោក​ថែម​ទៀត​ផង»។
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ ជា​លើក​ទីបី
(ម៉ាថាយ ២០.១៧-១៩ ម៉ាកុស ១០.៣២-៣៤)
31ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​គ្រប់​សេចក្តី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សម្រេច។ 32ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះ‌តិះ‌ដៀល ហើយ​ស្តោះ​ដាក់​លោក 33បន្ទាប់​ពី​គេ​បាន​វាយ​លោក​នឹង​រំពាត់ គេ​នឹង​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ 34ប៉ុន្តែ ពួក​សាវក​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​សម្រាប់​គេ ហើយ​គេ​មិន​បាន​យល់​ថា​ដូច​ម្តេច​ទេ។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​សុំទាន​ម្នាក់ នៅ​ជិត​ក្រុង​យេរីខូរ
(ម៉ាថាយ ២០.២៩-៣៤ ម៉ាកុស ១០.៤៦-៥២)
35កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត​ដល់​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ 36គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា៖ «តើ​មាន​ការ​អ្វី»? 37គេ​ប្រាប់​គាត់​ថា៖ «គឺ​ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត កំពុង​យាង​មក»។ 38គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង»។ 39ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត‌មេត្តា​ទូល‌បង្គំ​ផង»។ 40ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក។ កាល​គាត់​មក​ជិត​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ 41«តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» គាត់​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ភ្លឺ​ឡើង​វិញ​ផង»។ 42ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ 43ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ព្រះ‌អង្គ ទាំង​ពណ៌នា​សរសើរ​តម្កើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​តម្កើង​ព្រះ​ដែរ។

Zvýraznění

Sdílet

Kopírovat

None

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas