កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។