បទចម្រៀង 8
8
1ប្រសិនបើបងជាបងប្រុសរបស់អូន
ដែលបៅដោះម្ដាយរបស់អូន
នោះអូនមុខជាចេញមកជួបបងនៅខាងក្រៅ
អូនមុខជាឱបថើបបង
ហើយគ្មាននរណាមើលងាយអូនឡើយ។
2អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន
បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់
ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់
ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។
3ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ
ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។
4ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាងថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
5តើស្ត្រីដែលឡើងទៅវាលរហោស្ថាន
ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង
នោះជានរណា?
អូនបានដាស់បង នៅក្រោមដើមចន្ទន៍
ជាកន្លែងដែលមាតារបស់បងមានគភ៌
ហើយបង្កើតបងមក។
6សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង
ដើម្បីកុំឲ្យភ្លេចឡើយ
ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច
សេចក្ដីស្លាប់
សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់
សេចក្ដីស្នេហានេះឆាបឆេះ
ដូចភ្លើងរបស់ព្រះអម្ចាស់។
7មហាសាគរពុំអាចពន្លត់ភ្លើង
នៃសេចក្ដីស្នេហាបានឡើយ
រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដី
ស្នេហាបានដែរ
ផ្ទុយទៅវិញ អ្នកណាយកទ្រព្យសម្បត្តិ
ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា
អ្នកនោះជាមនុស្សគួរឲ្យមើលងាយ។
8យើងនៅមានប្អូនស្រីម្នាក់
តែនាងមិនទាន់ពេញរូបរាងទេ
នៅថ្ងៃដែលមានគេមកចែចង់នាង
តើយើងត្រូវធ្វើដូចម្ដេច?
9ប្រសិនបើនាងជាកំពែងក្រុងមួយ
នោះយើងនឹងសង់ប៉មពីប្រាក់ការពារនាង
ប្រសិនបើនាងជាទ្វារក្រុង
នោះយើងនឹងយកបន្ទះឈើតាត្រៅ
មកបាំងនាង។
10ខ្ញុំជាកំពែងក្រុងមួយ
សុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះ
ខ្ញុំផ្ដល់សេចក្ដីសុខសាន្តដល់ម្ចាស់ចិត្តរបស់ខ្ញុំ។
11ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ
នៅបាលហាម៉ូន
ស្ដេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា
មើលខុសត្រូវ។
ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងថ្វាយស្ដេច។
12បពិត្រព្រះបាទសាឡូម៉ូន
ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ
តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។
រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ
ខ្ញុំរក្សាទុកខ្លួនឯង។
13អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ
មានគេលួចស្ដាប់សំឡេងរបស់អូន។
ចូរបន្លឺសំឡេងឲ្យបងឮផង!
14សម្លាញ់ចិត្តអូនអើយ
សូមរត់ចេញពីទីនេះទៅ!
សូមរត់យ៉ាងលឿនដូចក្ដាន់ និងប្រើសស្ទាវ
រត់នៅលើភ្នំដែលពោរពេញដោយគន្ធពិដោរ។
Currently Selected:
បទចម្រៀង 8: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.