YouVersion Logo
Search Icon

បទចម្រៀង 8

8
1ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន
ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន
នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ
អូន​មុខ​ជា​ឱប​ថើប​បង
ហើយ​គ្មាន​នរណា​មើល‌ងាយ​អូន​ឡើយ។
2អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន
បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់
ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់
ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។
3ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ
ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
4ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
5តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថាន
ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង
នោះ​ជា​នរណា?
អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍
ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌
ហើយ​បង្កើត​បង​មក។
6សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង
ដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយ
ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច
សេចក្ដី​ស្លាប់
សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់
សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះ
ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់
7មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង
នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ
រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី
ស្នេហា​បាន​ដែរ
ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិ
ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា
អ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។
8យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់
តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ
នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង
តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?
9ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ
នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង
ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង
នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ
មក​បាំង​នាង។
10ខ្ញុំ​ជា​កំពែង​ក្រុង​មួយ
សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ
ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
11ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយជូរ​មួយ
នៅ​បាល‌ហាម៉ូន
ស្ដេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែ‌រក្សា
មើល​ខុស​ត្រូវ។
ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។
12បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន
ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ
តែ​ទុក​ពីរ​រយ​ស្លឹង​ឲ្យ​អ្នក​ថែ‌រក្សា​ចម្ការ។
រីឯ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ
ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។
13អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ
មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។
ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង!
14សម្លាញ់​ចិត្ត​អូន​អើយ
សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ!
សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ
រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ​គន្ធ‌ពិដោរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in