បទចម្រៀង 6
6
1ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
តើម្ចាស់ចិត្តរបស់នាងទៅទីណា?
តើគាត់តម្រង់ទៅទិសណា?
យើងស្វែងរកគាត់ជាមួយនាងដែរ។
2ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុង
សួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាល
ដែលមានពេញដោយផ្កាសាយគន្ធពិដោរ។
គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់
ព្រមទាំងបេះផ្កាក្រវាន់ផង។
3ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ
ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ
គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
4ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់
គឺស្អាតដូចក្រុងធើសា
ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។
5ចូរកុំសម្លឹងមើលមកបងដូច្នេះ
ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី
សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ
ចុះពីភ្នំនៅស្រុកកាឡាត។
6ធ្មេញរបស់អូនមានពណ៌ស
ដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។
វាសុទ្ធតែមានគូរបស់វា
ហើយគ្មានណាមួយនៅឯកោឡើយ។
7នៅពីក្រោយស្បៃ
ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។
8ស្ដេចមានមហេសីហុកសិបនាក់
មានស្រីស្នំប៉ែតសិបនាក់
ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា
9ក៏ប៉ុន្តែ ចំពោះបងវិញ
មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត
អូនល្អឥតខ្ចោះ
អូនជាកូនតែមួយគត់របស់ម្ដាយ
ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។
ពួកយុវនារីឃើញនាង
ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល
ពួកមហេសី និងពួកស្រីស្នំ
ក៏កោតសរសើរនាងដែរ។
10តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ
មានរូបឆោមល្អដូចព្រះច័ន្ទ
មានពន្លឺរស្មីដូចព្រះអាទិត្យ
ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ
ជានរណា?
11ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ
ដើម្បីមើលកូនឈើដែលទើបនឹងដុះ
មើលទំពាំងបាយជូរដែលទើបនឹងពន្លក
មើលដើមទទឹម ក្រែងលោមានផ្កា។
12ខ្ញុំភាន់ភាំងស្មារតី
ទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដី
ក៏ខ្ញុំលែងយល់អ្វីទាំងអស់។
13ស្ត្រីសាសន៍ស៊ូឡាមអើយ
ចូរនាងរាំ ចូរនាងរាំ
ដើម្បីឲ្យយើងគយគន់មើលនាងផង។
ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល
ស្ត្រីសាសន៍ស៊ូឡាមនេះ
តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ
ទាំងពីរពួកឬ?
Currently Selected:
បទចម្រៀង 6: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.